(ប៉េកាំង)៖ ចិន នៅថ្ងៃពុធ ទី១៧ ខែមេសានេះ បាននិយាយថារដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន បានអំពាវនាវឱ្យមានការជឿទុកចិត្តគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នៅក្នុងកិច្ចសន្ទនាជាលើកដំបូងដ៏មានសារៈសំខាន់រវាងប្រមុខការពារជាតិនៃប្រទេសទាំង២ ក្នុងរយៈពេលជិត១៨ខែមកនេះ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

តាមសេចក្ដីថ្លែងការណ៍មួយរបស់ចិន រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បានប្រាប់សមភាគីអាមេរិករបស់លោក គឺលោក Lloyd Austin ថា «ចិន និងសហរដ្ឋអាមេរិក គួរតែ...ចាត់ទុកសន្តិភាពមានតម្លៃជាទីបំផុត រីឯស្ថិរភាពមានសារៈសំខាន់បំផុត ហើយគួរតែកសាងការជឿទុកចិត្តគ្នាបន្តិចម្ដងៗ រវាងយោធានៃប្រទេសទាំង២»

លោក Dong Jun បានបន្ថែមថាប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្ដេជ្ញាចិត្តលើកកម្ពស់ស្ថិរភាព និងការស្ដារទំនាក់ទំនងទ្វេភាគី រវាងសហរដ្ឋអាមេរិក និងចិន។ ប៉ុន្តែ លោកក៏បានព្រមានសហរដ្ឋអាមេរិកដែរ ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងចាត់ទុកថាខេត្តមួយរបស់ខ្លួន ហើយបញ្ហាតៃវ៉ាន់ គឺផលប្រយោជន៍ស្នូលរបស់ចិន។

លោកប្រមុខការពារជាតិ ក៏ជំរុញផងដែរឱ្យសហរដ្ឋអាមេរិកគោរពគោលជំហរម៉ឺងម៉ាត់របស់ចិន អធិបតេយ្យទឹកដីរបស់ចិន និងសិទ្ធិសមុទ្រ រួមទាំងផលប្រយោជន៍ របស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង និងចាត់វិធានការជាក់ស្ដែងដើម្បីការពារសន្តិភាពក្នុងតំបន់៕