(យេរ៉ូហ្សាឡឹម)៖ មន្ត្រីម្នាក់បាននិយាយថា ក្រុមប្រឹក្សាសង្គ្រាមរបស់អ៊ីស្រាអែល គ្រោងនឹងជួបប្រជុំជាលើកទីបីនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចចិត្តលើការឆ្លើយតប ចំពោះការវាយប្រហារដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានរបស់អ៊ីរ៉ង់​ មកលើប្រទេសរបស់ខ្លួន ចំពេលមានសម្ពាធអន្តរជាតិ ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀតនៃជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

អគ្គសេនាធិការយោធា លោក Herzi Halevy បានសន្យាថា ការវាយប្រហាររបស់អ៊ីរ៉ង់ដែលមិនធ្លាប់មានពីមុន ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នឹងត្រូវទទួលរង «ការឆ្លើយតប» វិញ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតទេ។

ចំណែកឯ ភាគីអ៊ីរ៉ង់វិញ តាមរយៈប្រធានាធិបតី លោក លោក Ebrahim Raisi នៅបន្តព្រមានអ៊ីស្រាអែលថា កុំហ៊ានឆ្លើយតបសូម្បីតែ «តិចតួច» ចំពោះវិធានការសងសឹករបស់ខ្លួន ប្រសិនមិនចង់ប្រឈមនឹង «ការវាយបកវិញដ៏ឈឺចាប់»

ទោះបីជាការវាយប្រហារមិនបណ្តាលឱ្យមនុស្សស្លាប់ ឬមានការខូចខាតតិចតួចក៏ដោយ ប៉ុន្តែវាបានបង្កើនការព្រួយបារម្ភកាន់តែខ្លាំង អំពីការរីករាលដាលនៃអំពើហិង្សានៅក្នុងសង្រ្គាមហ្គាហ្សា និងការភ័យខ្លាចចំពោះផ្ទុះសង្គ្រាមពេញក្នុងតំបន់។

គួរជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់អ៊ីស្រាអែល ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕