(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការជំរុញជាសកល សម្រាប់បទឈប់បាញ់នៅក្នុងប្រទេសស៊ូដង់ មួយឆ្នាំបន្ទាប់ពីជម្លោះយោធារវាងក្រុមយោធាទាំងពីររបស់ប្រទេសបានផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឱកាសខួបនៃការផ្ទុះឡើងនៃការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ថា «ផ្លូវតែមួយគត់ដើម្បីចាកចេញពីភាពភ័យរន្ធត់នេះ គឺជាដំណោះស្រាយនយោបាយ។ នៅក្នុងពេលដ៏សំខាន់នេះ បន្ថែមពីលើជំនួយមនុស្សធម៌ជាសកល យើងត្រូវការការសម្របសម្រួលជាសកលសម្រាប់បទឈប់បាញ់នៅស៊ូដង់»

លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ នឹងមានសារៈសំខាន់ក្នុងការពង្រីកសកម្មភាពរួមគ្នា។ ការជំរុញសន្តិភាពនេះក៏មានន័យថា ការបន្តការងារលើការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសស៊ូដង់ ដោយការគាំទ្រ និងផ្តល់អំណាចដល់ជនស៊ីវិល រួមទាំងក្រុមសិទ្ធិមនុស្ស យុវជន និងក្រុមផ្សេងៗទៀតផងដែរ។

លោក Guterres បានសង្កត់ធ្ងន់ធា «អ្វី​ដែល​កំពុង​កើត​ឡើង​គឺ​មិន​មែន​គ្រាន់​តែ​ជា​ជម្លោះ​រវាង​ភាគី​ជម្លោះ​ពីរ​ប៉ុណ្ណោះ។ វា​ជា​សង្គ្រាម​មួយ​ដែល​កំពុង​ធ្វើ​ប្រឆាំង​នឹង​ប្រជាជន​ស៊ូដង់។ វា​ជា​សង្គ្រាម​ដែល​មាន​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់ និង​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ស្លាប់»

គួរបញ្ជាក់ថា សង្រ្គាមនៅប្រទេសអាហ្រ្វិកមួយនេះ បានផ្ទុះឡើងកាលពីពាក់កណ្តាល ខែមេសា ឆ្នាំមុន រវាងកងកម្លាំងយោធាស៊ូដង់ ដែលដឹកនាំរបស់ លោក Abdel Fattah al-Burhan និងកងកម្លាំងទាហានប៉ារ៉ា RSF ដែលស្ថិតក្រោមការគ្រប់គ្រងរបស់​លោក Mohamed Hamdan Dagalo។ ដំបូងឡើយ អ្នកទាំងពីរធ្លាប់ជាដៃគូនឹងគ្នា ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៩ ប៉ុន្តែបន្ទាប់មក សម្ព័ន្ធភាពនោះក៏បានប្រេះឆា៕