(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានអ៊ីស្រាអែលថា កុំហ៊ានឆ្លើយតបសូម្បីតែ «តិចតួច» ចំពោះវិធានការសងសឹករបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅ ប្រសិនមិនចង់ប្រឈមនឹង «ការវាយបកវិញដ៏ឈឺចាប់»។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ការព្រមាននេះ បានធ្វើឡើងក្នុងការនិយាយទូរសព្ទ កាលពីល្ងាចថ្ងៃចន្ទជាមួយ អាមៀរនៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani។ នាឱកាសនោះ លោកបាននិយាយដូច្នេះថា «យើងសូមប្រកាសយ៉ាងម៉ឺងម៉ាត់ថា វិធានការតិចតួចបំផុតប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងឈឺចាប់»

លោក Raisi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បាន និងកំពុងធ្វើសកម្មភាព «ការពារខ្លួន» ដោយនិយាយថា ប្រតិបត្តិការនេះបានកំណត់គោលដៅមូលដ្ឋានអ៊ីស្រាអែល ដែលប្រើសម្រាប់ធ្វើការវាយប្រហារលើស្ថានកុងស៊ុលប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ លោក​ក៏បាន​រិះគន់​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​លោកខាងលិច​មួយ​ចំនួន ​ចំពោះ​អ៊ីស្រាអែលផងដែរ។

គួរជម្រាបថា ប្រមុខកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល លោកឧត្តមសេនីយ Herzi Halevy បានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងឆ្លើយតបចំពោះការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់ ទោះបីជាមានការអំពាវនាវឱ្យមានការអត់ធ្មត់ ពីសំណាក់មេដឹកនាំពិភពលោក ដែលខ្លាចផ្ទុះរីករាលដាលសង្គ្រាមពេញតំបន់ក៏ដោយ។

លោក Halevy បានប្រាប់ទាហាននៅឯមូលដ្ឋានទ័ពអាកាស Nevatim ដែលត្រូវបានរងការវាយប្រហារដោយអ៊ីរ៉ង់ យ៉ាងដូច្នេះថា «ការបាញ់រ៉ុក្កែត មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងចំនួនធំបែបនេះចូលទៅក្នុងទឹកដីនៃរដ្ឋអ៊ីស្រាអែល នឹងត្រូវទទួលឆ្លើយតប»

យោធាអ៊ីស្រាអែលបាននិយាយថា អាវុធភាគច្រើនដែលបាញ់ចេញពីទឹកដីអ៊ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍ ត្រូវបានបាញ់ទម្លាក់ ដោយមានជំនួយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត ហើយការវាយប្រហារនេះ បានបណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ។

អ៊ីរ៉ង់បាននិយាយថា ខ្លួនបានជូនដំណឹងដល់សហរដ្ឋអាមេរិក និងបានផ្តល់ការព្រមានរយៈពេល ៧២ ម៉ោងដល់ប្រទេសជិតខាង មុនពេលអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារ «មានកំណត់» របស់ខ្លួនលើអ៊ីស្រាអែល៕