(ហ្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz បានប្រកាសនៅថ្ងៃអង្គារនេះថា លោកកំពុងជំរុញឱ្យប្រទេសនានាដាក់ទណ្ឌកម្មលើកម្មវិធីមីស៉ីលរបស់អ៊ីរ៉ង់ និងចាត់ទុកអង្គភាពកងកម្លាំងឆ្មាំបដិវត្តន៍ជាអង្គការភេរវករ បន្ទាប់ពីមានការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់អ៉ីរ៉ង់មកលើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ ២០២៤។

លោក Katz បានបង្ហោះសារនៅលើបណ្តាញសង្គម យ៉ាងដូច្នេះថា «ទន្ទឹមនឹងកាឆ្លើយតបខាងផ្នែកយោធា ចំពោះការបាញ់មីស៉ីល និងយន្តហោះដ្រូន ខ្ញុំកំពុងដឹកនាំការវាយប្រហារផ្នែកការទូតប្រឆាំងនឹងអ៉ីរ៉ង់»

លោក Katz បានឱ្យដឹងទៀតថា លោកបានផ្ញើលិខិតទៅកាន់ប្រទេសចំនួន ៣២ និងបានជជែកជាមួយសមភាគីជាច្រើនដោយអំពាវនាវឱ្យពួកគេដាក់ទណ្ឌកម្មលើគម្រោងមីស៉ីលរបស់អ៉ីរ៉ង់ ហើយប្រកាសចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍ជាអង្គការភេរវករ ខណៈដែលវាជាមធ្យោបាយមួយដើម្បីបញ្ឈប់ និងធ្វើឱ្យអ៉ីរ៉ង់ចុះខ្សោយ។

គួរបញ្ជាក់ថា ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ កាលពីចុងសប្តាហ៍មុន អ៉ីស្រាអែលប្តេជ្ញាថានឹងឆ្លើយតបវិញ ចំពោះមុខការអំពាវនាវជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តឱ្យអត់ធ្មត់ ដោយបារម្ភខ្លាចជម្លោះកាន់តែរាលដាលនៅតំបន់មជ្ឈិមបូព៌ា៕