(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារនេះថា គួរតែមានការត្រៀមលក្ខណៈទុកមុនចំពោះកត្តាហានិភ័យណាមួយដែលកើតចេញពីភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល ដោយសារកូរ៉េខាងត្បូងពឹងផ្អែកលើថាមពលក្នុងតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ ២០២៤។

លោក Yoon បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ភាពតានតឹងនៅឯតំបន់មជ្ឈិមបូព៌ាមានផលប៉ះពាល់ដោយផ្ទាល់ទៅលើតម្លៃប្រេងអន្តរជាតិ ហើយការណ៍នោះអាចជះឥទ្ធិពលដល់សេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។ ដោយមិនលម្អិត លោក​ Yoon បានគូសបញ្ជាក់​ថា​ «​គួរ​តែមានការ​ត្រៀមលក្ខណៈទុកជា​មុន​ចំពោះ​កត្តាហានិភ័យ​ផ្សេៗ​ដែល​អាច​កើត​មានឡើង»

លោក Yoon បានឲ្យដឹងថា «ច្រកសមុទ្រហ័រម៉ូស (Strait of Hormuz) គឺជាផ្លូវដឹកជញ្ជូន ៦០ភាគរយនៃប្រេងដែលនាំចូលដោយកូរ៉េខាងត្បូង ហើយការឡើងថ្លៃដឹកជញ្ជូន និងតម្លៃប្រេង នឹងនាំឱ្យកើនឡើងនូវការចំណាយសម្រាប់យើងផ្ទាល់»

គួរបញ្ជាក់ថា ការវាយប្រហារលើកដំបូងរបស់អ៉ីរ៉ង់ទៅលើទឹកដីអ៉ីស្រាអែលដោយផ្ទាល់ កំពុងបង្កក្តីបារម្ភពីការរាលដាលកាន់តែធំនៃជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលអន្តរជាតិបានអំពាវនាវឱ្យមានការអតធ្មត់៕