(សិង្ហបុរី)៖ បន្ទាប់ពីបានដឹកនាំរដ្ឋាភិបាលសិង្ហបុរី អស់រយៈពេលជិត២០ឆ្នាំ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) បានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែមេសានេះថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែឧសភា ដោយនឹងប្រគល់អំណាចដឹកនាំប្រទេសបន្តទៅឱ្យលោក Lawrence Wong។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័រការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong មានអាយុ ៧២ឆ្នាំ បានហៅការផ្ទេរអំណាចនៅពេលនេះគឺជាពេលវេលាមួយដ៏សំខាន់។

«ខ្ញុំនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ហើយលោកឧបនាយករដ្ឋមន្ត្រី Lawrence Wong នឹងត្រូវស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ក្នុងថ្ងៃដដែល នោះ។ លោក Lawrence និង...ក្រុមការងារបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីទទួលបានការទុកចិត្តពីប្រជាជន ជាពិសេសអំឡុងការឆ្លងរាតត្បាតកូវីដ១៩»។ នេះគឺជាការគូសបញ្ជាក់របស់ លោក Lee Hsien Loong។

គួរបញ្ជាក់ថា លោក Lawrence មានអាយុ៥១ឆ្នាំ ត្រូវបានលោក Lee Hsien Loong ប្រកាសតែងតាំងជាអ្នកបន្តវេនពីរូបលោកតាំងតែពីកាលពីខែមេសា ឆ្នាំ២០២២មកម្ល៉េះ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗគួរដឹងពីអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី៖

លោក Lawrence Wong មានអាយុ ៥១ឆ្នាំ បានឈានជើងចូលឆាកនយោបាយក្នុងឆ្នាំ២០១១ បន្ទាប់ពីលោកជាប់ឆ្នោតជាសមាជិកសភាប្រចាំតំបន់ West Coast GRC នៃប្រទេសសិង្ហបុរី។ ២សប្ដាហ៍ក្រោយជាប់ឆ្នោត លោកត្រូវបានតែងតាំងជាមន្ត្រីម្នាក់ទទួលបន្ទុកកិច្ចការអប់រំ និងការពារជាតិ។
ក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៥ លោក Wong បានប្ដូរទៅចូលរួមក្នុងការប្រកួតប្រជែងក្នុងតំបន់ Marsiling-Yew Tee GRC ជាទីដែលលោកបានក្លាយជារដ្ឋមន្ត្រីម្នាក់។ ចាប់តាំងពីពេលនោះមកដែរ លោកបានឡើងតំណែងជាបន្តបន្ទាប់នៅតាមក្រសួងជាច្រើន រួមមាន ក្រសួងវប្បធម៌ និងក្រសួងសហគមន៍ និងយុវជន (Community and Youth) ជាទីដែលលោកកាន់តំណែងជារដ្ឋមន្ត្រីស្ដីទី ក្នុងឆ្នាំ២០១២ ហើយកា្លយជារដ្ឋមន្ត្រីពេញសិទ្ធ នៅ២ឆ្នាំក្រោយមកទៀត។

នៅបន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០១៥ លោក Wong បានផ្លាស់ទៅដឹកនាំក្រសួងអភិវឌ្ឍជាតិ និងបានដឹកនាំក្រសួងមួយនេះរហូតដល់ខែកក្កដា ឆ្នាំ២០២០។ ក្នុងឆ្នាំ២០២០នោះដែរ លោក Wong បានទទួលភារកិច្ចជាសហប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមជាមួយអតីតរដ្ឋមន្ត្រីសុខាភិបាល លោក Gan Kim Yong។ លោក Wong ដែលធ្លាប់កាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរីផងនោះ បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងការរុះរើសគណៈរដ្ឋមន្ត្រី ខណៈការចោទសួរពីអនាគតដែលលោកអាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៅពេលអនាគត បានផ្ទុះឡើង ក្រោយរូបលោកត្រូវបានតែងតាំងជាមេដឹកនាំយុវជនជំនាន់ទី៤ ឬ 4G របស់គណបក្ស PAP។

២ខែក្រោយមកទៀត ទើបលោក Wong ត្រូវបានដំឡើងតំណែងជាឧបនាយករដ្ឋមន្ត្រី ក្នុងការរុះរើគណៈរដ្ឋមន្ត្រីមួយ និងនៅតែរក្សាតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែលផងដែរ។

លោក Wong បានទទួលការអប់រំនៅអនុវិទ្យាល័យ Tanjong Katong និង Victoria Junior College។ លោកបានទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Wisconsin-Madison ព្រមទាំងទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច អនុវត្តពីសាកលវិទ្យាល័យ Michigan និងថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Harvard Kennedy School។ នៅថ្ងៃទី១៥ ខែឧសភាខាងមុខ លោក Wong នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥មក៕