(ហ្គាហ្សា)៖ អាជ្ញាធរទូទៅសម្រាប់កិច្ចការព្រំដែន នៅក្នុងតំបន់ហ្គាហ្សាបានប្រកាសនៅថ្ងៃចន្ទនេះថា អ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីន ១៥០នាក់ ដែលខ្លួនត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។

អាជ្ញាធរបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិប៉ាឡេស្ទីនទាំងនោះ ត្រូវបានដោះលែងតាមរយៈច្រក Kerem Shalom នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង។

សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កងកម្លាំងកាន់កាប់ (អ៊ីស្រាអែល) បានដោះលែងអ្នកបើករថយន្តសង្គ្រោះរបស់ពួកគេចំនួនពីរនាក់ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនអស់រយៈពេល ៥០ថ្ងៃ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កងកម្លាំងកាន់កាប់បានចាប់ខ្លួនពួកគេនៅប៉ុស្តិ៍ត្រួតពិនិត្យយោធានៅ Khan Yunis ភាគខាងត្បូងនៃហ្គាហ្សាស្ទ្រីប ខណៈដែលពួកគេកំពុងបំពេញបេសកកម្មជម្លៀសអ្នកជំងឺចេញ ពីមន្ទីរពេទ្យ Al-Amal កាលពីខែកុម្ភៈកន្លងទៅ។

យោងតាមអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីន ក្នុងអំឡុងពេលប្រតិបត្តិការជើងគោកអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ និងផ្ទេរពួកគេទៅកាន់គោលដៅដែលមិនស្គាល់។

គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕