(សិង្ហបុរី)៖ បន្ទាប់ពីដឹកនាំរដ្ឋាភិបាលសិង្ហបុរី ​អស់រយៈពេលជិត២០ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) នឹងចុះ​ចេញ​ពី​តំណែងនៅ​ថ្ងៃ​ទី១៥ ខែ​ឧសភាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទទី១៥ ខែមេសា ឆ្នាំ២០២៤។

លោក Lee Hsien Loong បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំមុនថា លោកនឹងចូលនិវត្តន៍នៅឆ្នាំ២០២៤នេះ ព្រមទាំងបានតែងតាំង លោក Wong ដែលបច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឱ្យស្នងតំណែងពីលោក។ ដើមឡើយលោក Lee មានគម្រោងចុះចេញពីតំណែងមុនអាយុ៧០ឆ្នាំ ប៉ុន្តែផែនការទាំងនោះត្រូវបានទុកចោល ដោយសារតែបញ្ហាជំងឺកូវី១៩។

ការិយាល័យនាយករដ្ឋមន្រ្តីចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Lee ដែលមានអាយុ ៧២ឆ្នាំ នឹងផ្តល់យោបល់ជាផ្លូវការដល់ប្រធានាធិបតី ដើម្បីតែងតាំង លោក Wong ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសសិង្ហបុរី។

គួរបញ្ជាក់ថា លោក Lee បានកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់ពីខែសីហា ឆ្នាំ ២០០៤៕