(ឡុងដ៏)៖ រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស លោក David Cameron បានជំរុញដល់អ៉ីស្រាអែលកុំឱ្យសងសឹកវិញ បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលរបស់អ៉ីរ៉ង់ ពីព្រោះការវាយប្រហារនោះគឺស្ទើរតែបរាជ័យទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ ២០២៤។

លោក Cameron បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា «ខ្ញុំគិតថាវាសមហេតុផលដែលពួកគេគួរតែឆ្លើយតបវិញ ពីព្រោះពួកគេរងការវាយប្រហារ ប៉ុន្តែយើងកំពុងជំរុញពួកគេក្នុងនាមជាមិត្តភ័ក្តិ សូមគិតដោយប្រើខួរក្បាល និងបេះដូង ឆ្លាតវៃ និងរឹងប៉ឹង»

លោក Cameron បានបន្ថែមថា «តាមវិធីជាច្រើន ឃើញថាវាជាការបរាជ័យពីរលើកហើយសម្រាប់អ៉ីរ៉ង់។ ដោយឡែក ការវាយប្រហារលើកនេះក៏បរាជ័យស្ទើរតែទាំងស្រុងដែរ ហើយពួកគេបានបង្ហាញឱ្យពិភពលោកដឹងថាពួកគេជះឥទ្ធិពលអាក្រក់ដល់តំបន់។ ដូច្នេះក្តីសង្ឃឹមរបស់យើងគឺថាមិនមានការសងសឹកវិញនោះទេ»

គួរបញ្ជាក់ថា បើតាមលោក Cameron ចក្រភពអង់គ្លេសក៏នឹងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីពិនិត្យមើលការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៉ីរ៉ង់ ហើយជំរុញឱ្យអ៉ីស្រាអែលត្រលប់មកផ្តោតអារម្មណ៍លើការយល់ព្រមបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅក្នុងសង្គ្រាមហ្គាហ្សា៕