(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចេញមុខព្រមានដល់សមាជិកនៃ UN កុំឱ្យបង្កើនភាពតានតឹងថែមទៀតដោយការសងសឹកប្រឆាំងនឹងអ៉ីរ៉ង់វិញ ខណៈសហរដ្ឋអាមេរិកប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ខ្លួននឹងធ្វើការដើម្បីឱ្យទីក្រុងតេហេរ៉ង់មកទទួលខុសត្រូវចំពោះមុខ UN។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ ២០២៤។

ថ្លែងកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ លោក Guterres បានបណ្តាសមាជិកថា ធម្មនុញ្ញរបស់ UN រារាំងចំពោះការប្រើប្រាស់កម្លាំងយោធាប្រឆាំងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃប្រទេសណាមួយ ខណៈដែលលោកក៏បានថ្កោលទោសការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែលផងដែរ។ លោក Guterres បានគូសបញ្ជាក់ថា «មជ្ឈិមបូព៌ាស្ថិតនៅលើមាត់ជ្រោះ ប្រជាជនក្នុងតំបន់កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជាក់ស្តែងពីជម្លោះទ្រង់ទ្រាយធំដ៏បំផ្លិចបំផ្លាញ។ ឥឡូវនេះ គឺជាពេលវេលាដើម្បីបដិសេធ និងបន្ធូរបន្ថយតានតឹង»។

ដោយឡែក លោក Robert Wood ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំ UN បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខទាំង ១៥ឱ្យថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៉ីរ៉ង់ ដោយនិយាយថាក្រុមប្រឹក្សាសន្តិសុខមានកាតព្វកិច្ច មិនអនុញ្ញាតឱ្យអ៉ីរ៉ង់ធ្វើសកម្មភាពដោយគ្មានការទទួលខុសនោះទេ។ ទោះជាមិនផ្តល់ព័ត៌មានលម្អិត លោក Wood បាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខ និងនៅក្នុងការពិគ្រោះយោបល់ជាមួយប្រទេសផ្សេងទៀត សហរដ្ឋអាមេរិកនឹងរិះរកវិធានការបន្ថែម ដើម្បីឱ្យអ៉ីរ៉ង់មកទទួលខុសត្រូវនៅចំពោះមុខ UN។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលរបស់អ៉ីរ៉ង់ គឺ​ជា​វាយប្រហារ​ផ្ទាល់​លើក​ដំបូង​​លើ​ទឹកដីអ៉ីស្រាអែល ដែល​ប្រថុយ​ទៅនឹង​ហានិភ័យនៃការផ្ទុះជម្លោះដ៏ធំ៕