(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា សហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងការវាយប្រហារណាមួយ ជាមួយនឹងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ទេ ប្រសិនបើអ៊ីស្រាអែលសម្រេចចិត្តបែបនេះ។ នេះបើយោងតាមចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

អ៊ីរ៉ង់ បានបាញ់បង្ហោះយន្តហោះដ្រូន និងគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្នុងអំឡុងពេលហៅទូរស័ព្ទកាលពីល្ងាចថ្ងៃសៅរ៍ លោក Biden បានប្រាប់លោក Netanyahu ថា​ លោកនឹងមិនចូលរួមក្នុងសកម្មភាពសងសឹកណាមួយ របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ទេ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានមន្ត្រីសេតវិមានបញ្ជាក់ប្រាប់ទៅកាន់ Reuters។

ទោះជាយ៉ាងណា ប្រធានអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់សារព័ត៌មាន ABC ក្នុងកម្មវិធី "This Week" កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងបន្តជួយអ៊ីស្រាអែលការពារខ្លួន ប៉ុន្តែមិនចង់មានសង្គ្រាមជាមួយអ៊ីរ៉ង់ទេ។

នៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងគាំទ្រការសងសឹករបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ដែរឬទេ លោក Kirby បាននិយាយថា «ការប្តេជ្ញាចិត្តរបស់យើងគឺរឹងមាំ» ដើម្បីការពារអ៊ីស្រាអែល និងជួយអ៊ីស្រាអែលការពារខ្លួនឯង»។

លោក Kirby បានបន្ថែមថា «ដូចដែលប្រធានាធិបតីបាននិយាយជាច្រើនដង យើងមិនស្វែងរកសង្រ្គាមកាន់តែទូលំទូលាយនៅក្នុងតំបន់នោះទេ។ យើងមិនស្វែងរកសង្រ្គាមជាមួយអ៊ីរ៉ង់ទេ»។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់ខ្លួន ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕