(សិង្ហបុរី)៖ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសបានឱ្យដឹងថា សិង្ហបុរីបានចាប់ខ្លួនជនសង្ស័យចំនួន ២៧៦ នាក់ដែលមានអាយុចន្លោះពី ១៦ ទៅ ៧១ ឆ្នាំ ពីបទល្មើសឆបោក ក្នុងអំឡុងពេលប្រតិបត្តិការចាប់ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ១១ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

ជនសង្ស័យទាំងនោះ មានជាប់ពាក់ព័ន្ធនឹងករណីឆបោកជាង ១,២០០ ករណី ក្នុងនោះរួមមានទាំងការឆបោកការងារ ការឆបោកវិនិយោគ ការឆបោកមិត្តភ័ក្តិ ការឆបោកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការឆបោកស្នេហាតាមអ៊ីនធឺណិតជាដើម។

ប៉ូលិសបាននិយាយថា ជនរងគ្រោះបាត់បង់ប្រាក់ប្រមាណជាង ៧លានដុល្លារសិង្ហបុរី ដែលស្មើនឹង ៥.១លានដុល្លារអាមេរិក។

ជនសង្ស័យកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទល្មើសបោកប្រាស់ លាងលុយកខ្វក់ ឬផ្តល់សេវាទូទាត់ដោយគ្មានអាជ្ញាប័ណ្ណ៕