(ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានអំពាវនាវឱ្យប្រទេសដែលមានឥទ្ធិពល ទប់ស្កាត់ស្ថានភាពដ៏អាក្រក់ស្រាប់ទៅហើយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កុំឱ្យកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោក Türk បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសិទ្ធិមនុស្សដែលអាចកើតមាននៃការកើនឡើងនេះ ហើយបានជំរុញឱ្យភាគីពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ដើម្បីបន្ធូរបន្ថយស្ថានការណ៍។

លោក​បាន​អំពាវនាវ​ដល់​ប្រទេស​ភាគី​ទី​បី «ជាពិសេស​ប្រទេស​ដែល​មាន​ឥទ្ធិពល ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ធានា​ថា​ស្ថានការណ៍​ដែល​មិន​ស្ថិតស្ថេរ​ស្រាប់ទៅហើយ នឹង​មិន​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​មុខ​ទេ»

លោកក៏បានរិះគន់ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ដោយនិយាយថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទាំងនេះ អាចបណ្តាលឱ្យមានគ្រោះថ្នាក់លើសពីគោលដៅយោធា និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។

ទន្ទឹមនឹងនេះ លោក​ Türk បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​គ្រប់​ភាគី​ ដែលត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ដែល​មាន​ចែង​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស។

បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថា សកម្មភាពយោធារបស់ប្រទេសប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់ខ្លួន ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕