(តេហេរ៉ង់)៖ អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអំពី «ការវាយប្រហារកាន់តែសាហាវ» ប្រសិនបើពួកគេឆ្លើយតបចំពោះការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៊ីលរបស់ខ្លួន លើទឹកដីអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ខណៈអ៊ីស្រាអែលនិយាយថា «យុទ្ធនាការយោធាមិនទាន់ចប់នៅឡើយទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

ការគំរាមកំហែងនៃសង្រ្គាម ដោយបើកចំហររវាងគូសត្រូវទាំងពីរនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពតានតឹងបំផុតមួយ ខណៈដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា អាមេរិកមិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការដើម្បីការពារកងទ័ពអាមេរិក និងអ៊ីស្រាអែលឡើយ។

នាយសេនាធិការកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Bagheri បានព្រមានថា «ប្រសិនបើអ៊ីស្រាអែលឆ្លើយតបអ៊ីរ៉ង់វិញ នោះការឆ្លើយតបរបស់យើងនឹងសាហាវជាងសកម្មភាពយោធាកាលពីយប់មិញ» ហើយក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរថា ឱ្យស្ថិតនៅឱ្យឆ្ងាយពីជម្លោះរបស់ខ្លួនជាមួយអ៊ីស្រាអែល បើពុំដូច្នោះទេមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវរងការវាយប្រហារផងដែរ។

អ៊ីរ៉ង់ បានបើកការវាយប្រហារជាសងសឹកទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលរបស់ខ្លួន ក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា ដែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍ជាន់ខ្ពស់ជាច្រើននាក់ ហើយវាបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចជាច្រើនខែរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារសងសឹងរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសអ៊ីស្រាអែល ដោយដ្រូន និងមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ត្រូវបានបាញ់ទម្លាក់ ដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស និងហ្ស៊កដានី។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Amir Abdollahian បាននិយាយថា ទីក្រុងតេហេរ៉ង់បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែលនឹងមាន «កម្រិត» និងនៅក្នុងការការពារខ្លួនប៉ុណ្ណោះ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant បាននិយាយថា ទោះបីជាការវាយប្រហារត្រូវបានរារាំងក៏ដោយ យុទ្ធនាការយោធាមិនទាន់ចប់នៅឡើយទេ ហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈទាំងអស់។

មហាអំណាចពិភពលោក ដូចជារុស្ស៊ី ចិន និងបារាំង ក៏ដូចជាប្រទេសអារ៉ាប់ អេហ្ស៊ីប កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានជំរុញឱ្យមានការអត់ធ្មត់ខ្ពស់ ដើម្បីកុំឱ្យជម្លោះរីករាលដាលពាសពេញតំបន់៕