(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា អាកាសយានដ្ឋានអ៊ីរ៉ង់ជាច្រើន រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ទីក្រុងតេហេរ៉ង់ បានលុបចោលជើងហោះហើររបស់ខ្លួន រហូតដល់ថ្ងៃចន្ទ ខណៈដែលភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ លើអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។

អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះដ្រូន និងមីស៊ីលរាប់រយគ្រឿង និងគ្រាប់ទៅកាន់អ៊ីស្រាអែល ចាប់ពីយប់ថ្ងៃសៅរ៍ ដើម្បីជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា ដោយបង្កើនការភ័យខ្លាច នៃការសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

មន្ត្រីប្រតិបត្តិរបស់អាកាសយានដ្ឋាន បានប្រាប់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ថា «ដោយអនុលោមតាមសេចក្តីប្រកាស របស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ រាល់ជើងហោះហើរទាំងអស់ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini នៃទីក្រុង Tehran ត្រូវបានលុបចោលរហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងតំបន់)» ខណៈជើងហោះហើរក្នុងស្រុកភាគច្រើនក៏ត្រូវបានលុបចោលផងដែរ។

គួរជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅទូទាំងមជ្ឈិមបូព៌ា បានប្រកាសលុបចោលជើងហោះហើរមួយចំនួនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនផ្សេងទៀតត្រូវបានបង្ខំឱ្យប្តូរផ្លូវហោះហើរ៕