(ប៉េកាំង)៖ ថ្ងៃទី១១ ខែមេសា តាមម៉ោងក្នុងតំបន់ មេដឹកនាំប្រទេសទាំង៣គឺអាមេរិក ជប៉ុននិងហ្វីលីពីនបានធ្វើកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូង នៅទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំង៣បានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជាតិ ដើម្បីជំរុញអ្វីដែលហៅថា «សន្តិសុខនិងវិបុលភាព របស់តំបន់ឥណ្ឌាប៉ាស៊ីហ្វិកនិងពិភពលោក» ព្រមទាំងចោទប្រកាន់ប្រទេសចិនថា «កែប្រែស្ថានភាពបច្ចុប្បន្នដោយឯកតោភាគីតាមរយៈកម្លាំងបាយ» ក៏ដូចជាផ្តោត «ការយកចិត្តទុកដាក់» ដល់សកម្មភាពគាំពារអធិប្បតេយ្យភាពជាតិរបស់ភាគីចិននៅតំបន់សមុទ្រចិនខាងត្បូងនិងខាងកើត។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន AP អាមេរិកឱ្យដឹងថា ក្នុងកិច្ចប្រជុំត្រីភាគីលើកនេះ អាមេរិកបានរំលឹកឡើងវិញទៅកាន់ភាគីហ្វីលីពីនថា ប្រសិនបើយន្តហោះ នាវាឬក៏កងកម្លាំងប្រដាប់អាវុធរបស់ភាគីហ្វីលីពីនរងការវាយប្រហារនៅតំបន់សមុទ្រចិនខាងត្បូងនោះ អាចឆ្លើយតបដោយពឹងផ្អែកទៅលើ «សន្ធិសញ្ញាការពាររួមគ្នារវាង អាមេរិកនិងហ្វីលីពីន»។ ឥស្សរជនវិភាគបានលើកឡើងថាការដែលអាមេរិកលើកទឹកចិត្តដល់ហ្វីលីពីន គឺឆ្លុះបញ្ចាំងពីចេតនាអាក្រក់របស់ខ្លួនដែលចង់ឱ្យសមុទ្រចិនខាងត្បូង មានភាពច្របក់ច្របូល។ ប្រសិនបើតំបន់អាស៊ីខាងកើតមានស្ថិរភាព នោះលក្ខណៈសមហេតុផលនៃវត្តមានរបស់អនុត្តរភាពអាមេរិកនឹងត្រូវគេចោទជាមន្ទិលសង្ស័យ។ ម្លោះហើយបានជាបញ្ហាសមុទ្រចិនខាងត្បូងបានក្លាយជាលេសមួយសម្រាប់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនបានលើកឡើងនៅពេលផ្តល់បទសម្ភាស៍នាពេលថ្មីៗកន្លងទៅនេះថា «សមុទ្រចិនខាងត្បូងមានភាពស្ងប់សុខ កាលពីមុន ប៉ុន្តែបន្ទាប់ពីជនជាតិអាមេរិកមកដល់បានធ្វើឱ្យតំបន់នេះពោរពេញទៅដោយជម្លោះហើយ»។ ហ្វីលីពីនបានបង្ករឿងហេតុដោយឥតឈប់ឈរ នៅតំបន់សមុទ្រចិនខាងត្បូង គឺសង្ឃឹមថាខ្លួនអាចទទួលបានការគាំទ្រផ្នែកសន្តិសុខនិងយោធាពីប្រទេសធំនៅក្រៅតំបន់ ក៏ដូចជាទទួលបានផលប្រយោជន៍ក្នុងវិស័យ សេដ្ឋកិច្ចផងដែរ។ ចំណែកឯកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជានុយបញ្ឆោតមួយទៀតដែលអាមេរិកផ្តល់ឱ្យហ្វីលីពីន។

ព្រមពេលជាមួយគ្នានេះ អាមេរិកក៏ប៉ុនប៉ងចង់បង្កើតខ្សែសង្វាក់ឧស្សហកម្មក្នុងតំបន់ជាថ្មីឡើងវិញ ដើម្បីទប់ស្កាត់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនតាមរយៈប្រទេស ហ្វីលីពីន។ មុនពេលបើកធ្វើកិច្ចប្រជុំកំពូលត្រីភាគីរវាងអាមេរិក ជប៉ុន និងហ្វីលីពីន បាតុករជាច្រើននាក់បានប្រមូលផ្តុំដោយឯកឯងនៅខាងក្រៅសេតវិមានអាមេរិក។ ពួកគេ លើកបដាពាក្យស្លោកដូចជា «មិនស្វាគមន៍លោក Marcos មកបំពេញទស្សកិច្ចនៅអាមេរិក» និង «កុំលក់ផលប្រយោជន៍របស់ហ្វីលីពីន» ជាដើម ដើម្បីរិះគន់ថាធាតុពិតនៃ កិច្ចប្រជុំកំពូលត្រីភាគីលើកនេះ គឺអាមេរិកចង់ឆ្លៀតប្រើហ្វីលីពីនមកធ្វើបដិបក្ខគ្នាជាមួយប្រទេសចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានអំពាវនាវឱ្យហ្វីលីពីន គាំពារអធិប្បតេយ្យភាពរបស់ខ្លួន។

លោកស្រីAnna Malindog-Uy អនុប្រធាននៃវិជ្ជាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ «សតវត្សរ៍អាស៊ី» របស់ហ្វីលីពីនបានលើកឡើងថា ប្រទេសទាំងពីរអាមេរិកនិងជប៉ុនមិនមែនជា សាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ មិនគួរជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន ព្រមនឹងគំនិតសង្រ្គាមត្រជាក់ របស់ពួកគេនឹងពង្រឹងការប្រឈមមុខដាក់គ្នាថែមមួយកម្រិតទៀត តែមិនមែនពង្រឹងកិច្ចសហប្រតិបត្តិការនោះទេ ហើយនឹងធ្វើឱ្យស្ថាភាពសមុទ្រចិនខាងត្បូង មានភាពកាន់តែ តានតឹងថែមទៀត។ កោះនានានៅសមុទ្រចិនខាងត្បូងគឺជាទឹកដីមានស្រាប់របស់ប្រទេសចិន។ ប្រទេសចិនមានអធិប្បតេយ្យភាពទឹកដីនិងសិទ្ធិ និងផលប្រយោជន៍ខាងសមុទ្រ ចំពោះសមុទ្រចិនខាងត្បូង នេះគឺមានភស្តុតាងផ្លូវច្បាប់និងប្រវត្តិសាស្ត្រយ៉ាងពេញលេញ។

ជានិច្ចកាល ភាគីចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយការវិវាទផ្នែកអធិប្បតេយ្យភាពទឹកដីដោយសន្តិភាពតាមរយៈកិច្ចចរចារ ប៉ុន្តែវាមិនមែនមានន័យថានឹងអត់ឱនឱ្យប្រទេស មួយចំនួនតូចបង្ករឿងដោយគ្មានហេតុផលទេ។ ក្នុងបរិបទដែលប្រទេសអាស៊ានបង្កើនទំនាក់ទំនងជាមួយប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ «ក្រុមសម័្ពន្ធតូច» របស់អាមេរិក ជប៉ុននិងហ្វីលីពីនធ្វើផ្ទុយពីចរន្តយុគសម័យ អ្វីដែលពួកគេនាំមកដល់តំបន់មិនមែនជា «សន្តិសុខនិងវិបុលភាព» នោះទេ តែគឺជាការប្រឈមមុខដាក់គ្នា និងការគំរាមកំហែងវិញ៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន