(តេហេរ៉ង់)៖ កងទ័ពអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសានេះបា​ននិយាយថាការវាយប្រហារដោយយន្ដហោះដ្រូន និងមីស៊ីលលើអ៉ីស្រាអែល ជាការសងសឹក ទៅនឹងការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី សម្រេចបានរាល់វត្ថុបំណងរបស់ខ្លួនទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នាយសេនាធិការកងទ័ពអ៉ីរ៉ង់ លោក Mohammad Bagheri ធ្វើការកត់សម្គាល់ខាងលើប្រាប់ស្ថានីយទូរទស្សន៍រដ្ឋ ជាមួយការបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការ True Promise ឬការសន្យាពិត ...បានទទួលជោគជ័យទាំងស្រុងចាប់ពីយប់ម្សិលមិញ រហូតដល់ព្រឹកនេះ (ថ្ងៃអាទិត្យ) និងសម្រេចបានរាល់វត្ថុបំណងរបស់ខ្លួន ទាំងអស់»

យោធាអ៉ីស្រាអែល បានអះអាងថាអ៉ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា បានបាញ់មីស៊ីល និងដ្រូន ៣០០គ្រាប់ និងគ្រឿងលើអ៉ីស្រាអែល ជាការសងសឹក ទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃទី១ ខែមេសា លើស្ថានកុងស៊ុលអ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះ មានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។ អ៉ីរ៉ង់បានចាត់ទុកថាការវាយប្រហាររបស់ខ្លួនគឺជាវិធានការការពារខ្លួនសុទ្ធសាធ ហើយក៏បានព្រមានដែរថានឹងសងសឹកកាន់តែធ្ងន់ ធ្ងរជាងនេះ ប្រសិនបើអ៉ីស្រាអែលហ៊ានបង្ករឿងជាថ្មី។

ក្នុងពេលដំណាលគ្នា ប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Hossein Salami ក៏បានអបអរសាទរផងដែរចំពោះអ្វីដែលលោកហៅថា «ជាប្រតិបត្តិការមានដែន កំណត់មួយ ដែលមានគោលដៅលើសមត្ថភាពរបស់អ៉ីស្រាអែលដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់»។ ប៉ុន្តែយោធាអ៉ីស្រាអែល បានអះអាងថាខ្លួន បានទប់ស្កាត់ការវាយប្រហារដោយជោគជ័យ ជាមួយការបាញ់ទម្លាក់មីស៊ីល និងដ្រូនអ៉ីរ៉ង់ ៩៩ភាគរយឯណោះ៕