(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានគំរាមសងសឹកអស់រយៈពេលជាង២សប្ដាហ៍មកនេះ នៅទីបំផុតទៅ អ៉ីរ៉ង់បានបើកការវាយប្រហារលើអ៉ីស្រាអែលដោយបាញ់មីស៊ីល និងដូ្រនជាង ២០០គ្រាប់ និងគ្រឿង។ នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ហើយវាក៏បាន និងកំពុងធ្វើឱ្យសង្រ្គាមស្រមោលរវាងប្រទេសជាគូសត្រូវទាំង២ លេចចេញជា រូបរាងបន្តិចម្ដងៗផងដែរ។ ការវាយប្រហាររបស់អ៉ីរ៉ង់ធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់មនុស្ស ៧នាក់ មានឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់ ក្នុងនោះរួមមានទាំង លោក Mohammad Reza Zahedi ដែលជាមេបញ្ជាការអ៉ីរ៉ង់ទទួលបន្ទុកកិច្ចការយោធាអ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងលីបង់ កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។

សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានព្រមានអ៉ីរ៉ង់កុំឱ្យបើកការវាយប្រហារសងសឹក ប៉ុន្តែលើកនេះមេដឹកនាំអ៉ីរ៉ង់ត្រូវតែបង្ខំចិត្តសងសឹក ពីព្រោះការនៅស្ងៀមមិនធ្វើអ្វីសោះគឺមានគ្រោះថ្នាក់ ខ្លាំងជាងការបើកការវាយប្រហារដោយផ្ទាល់លើអ៉ីស្រាអែលទៅទៀត។ ដ្បិតម្យ៉ាងការគាំទ្រនៅក្នុងស្រុកឱ្យសងសឹកលើអ៉ីស្រាអែល និងម្យ៉ាងទៀតអ៉ីរ៉ង់ត្រូវតែស្ដារការកំញើញទប់ស្កាត់របស់ ខ្លួនឡើងវិញជាមួយការបញ្ជូនសារទៅកាន់អ៉ីស្រាអែលថាការវាយប្រហារលើអ៉ីរ៉ង់ គឺមិនអាចកើតឡើងដោយទទេៗមិនមានការឆ្លើយតបវិញនោះទេ។

ប៉ុន្តែ ដើម្បីបង្ហាញថាខ្លួនមិនមែនជាខ្លាក្រដាស ការវាយប្រហាររបស់អ៉ីរ៉ង់ក៏កំពុងបង្កជាការព្រួយបារម្ភពីការផ្ទុះឡើងនៃសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផងដែរ។ ខាងក្រោមនេះគឺជា ចំណុចសំខាន់ៗគួរស្វែងយល់៖

* តើសង្រ្គាមក្នុងតំបន់ទាំងមូលនឹងផ្ទុះឡើងឬ?

រឿងជាច្រើនដែលអាចនឹងកើតឡើងនៅពេលអនាគត គឺវាអាស្រ័យលើថាតើការវាយប្រហាររបស់អ៉ីរ៉ង់កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា ជោគជ័យដែរឬក៏យ៉ាងណា? ប្រសិនបើអ៉ីរ៉ង់យល់ថា ការសងសឹករបស់ខ្លួនប្រឆាំងនឹងអ៉ីស្រាអែលល្មមគ្រប់គាន់អាចទទួលយកបាន នោះតំបន់ទាំងមូលអាចនឹងរួចផុតពីហានិភ័យនៃសង្រ្គាមទ្រង់ទ្រាយធំមួយគ្រាសិន។ តែប្រសិនបើការវាយប្រហារ របស់អ៉ីរ៉ង់ទទួលជោគជ័យខ្លាំងពេក នោះអ៉ីស្រាអែលត្រូវតែធ្វើការសងសឹកវិញ ដែលនេះអាចនឹងនាំទៅរកវដ្តនៃការសងសឹកគ្នាទៅវិញទៅមកដែលអាចនឹងអូសឱ្យសហរដ្ឋអាមេរិកចូលរួមដែរ។ ការសងសឹករបស់អ៉ីស្រាអែលក៏អាស្រ័យលើការខូចខាតជាក់ស្ដែងដែលបង្កឡើងដោយការវាយប្រហារអ៉ីរ៉ង់ផងដែរ។

ជុំវិញការវាយប្រហាររបស់អ៉ីរ៉ង់ យោធាអ៉ីស្រាអែលបានអះអាងថាខ្លួនបានទប់ស្កាត់ដោយជោគជ័យ ជាមួយការបាញ់ទម្លាក់ដ្រូន និងមីស៊ីលអ៉ីរ៉ង់ ៩៩ភាគរយ ខណៈលោក ចូ បៃដិន ក៏បានអះអាងដែរថាសហរដ្ឋអាមេរិកបានជួយអ៉ីស្រាអែលបាញ់ទម្លាក់ដ្រូន និងមីស៊ីលដែលអ៉ីរ៉ង់បាញ់ប្រហារលើអ៉ីស្រាអែលស្ទើរតែទាំងអស់ ហើយថាអ៉ីស្រាអែលគួរតែចាត់ទុកយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា គឺជាជ័យជម្នះមួយ ព្រោះការវាយប្រហាររបស់អ៉ីរ៉ង់មិនបានទទួលជោគជ័យនោះទេ តែមានតែបង្ហាញពីសមត្ថភាពយោធាដ៏អស្ចារ្យរបស់អ៉ីស្រាអែលទៅវិញ។

ចំណែក អ៉ីរ៉ង់តាមរយៈបេសកកម្មការទូតរបស់ខ្លួនប្រឆាំងអង្គការសហប្រជាជាតិបានព្រមានថាការវាយប្រហាររបស់អ៉ីរ៉ង់អាចនឹងធ្ងន់ធ្ងរជាងនេះ បើអ៉ីស្រាអែលហ៊ានបង្ករឿងសាជាថ្មី។ លោក Danny Citrinowicz ជាអ្នកជំនាញខាងកិច្ចការតំបន់មជ្ឈិមបូព៌ាមកពីវិទ្យាស្ថាន Atlantic Council យល់ថាដោយសារតែអ៉ីស្រាអែលដោយមានការគាំទ្រពីសហរដ្ឋអាមេរិកបានទទួលជោគជ័យ ក្នុងការបាញ់ទម្លាក់មីស៊ីល និងដ្រូនអ៉ីរ៉ង់ នោះនឹងធ្វើឱ្យអ៉ីស្រាអែលមានការប្រុងប្រយ័ត្នក្នុងការសងសឹកជាមួយអ៉ីរ៉ង់វិញ ដែលនេះមានន័យថាសង្រ្គាមទ្រង់ទ្រាយធំទំនងជានឹងមិនផ្ទុះឡើង នោះទេ។ ម្យ៉ាងវិញទៀត បើអ៉ីស្រាអែលនៅតែផ្តោតជាអាទិភាពលើការកម្ទេចក្រុមហាម៉ាស និងរំដោះចំណាប់ខ្មាំង ការពង្រីកសង្រ្គាមបច្ចុប្បន្ននឹងដើរផ្ទុយពីគោលដៅទាំងនេះរបស់អ៉ីស្រាអែល។

* សហរដ្ឋអាមេរិក នឹងមិនគាំទ្រឱ្យអ៉ីស្រាអែល វាយបកលើអ៉ីរ៉ង់

សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) ថាសហរដ្ឋអាមេរិកនឹងជំទាស់រាល់ការវាយ​បករបស់អ៉ីស្រាអែលលើទឹកដីអ៉ីរ៉ង់វិញ បន្ទាប់ពីអ៉ីរ៉ង់បាញ់មីស៊ីល និងដ្រូនយ៉ាងសន្ធឹក លើអ៉ីស្រាអែល។ Axios ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានឱ្យដឹងថាលោក បៃដិន និងរដ្ឋបាលរបស់លោកមានការព្រួយបារម្ភជាខ្លាំង ចំពោះការឆ្លើយតប ណាមួយរបស់អ៉ីស្រាអែល អាចនឹងបង្កទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលដែលនឹងបង្កផលវិបាកដ៏មហន្តរាយ។