(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងទីក្រុងវ៉ាស៊ីនតោន) បាននិយាយថាកងកម្លាំងអាមេរិកបានជួយបាញ់ទម្លាក់ ដ្រូន និងមីស៊ីលដែលអ៉ីរ៉ង់បាញ់ប្រហារលើអ៉ីស្រាអែលស្ទើរតែទាំងអស់ អមជាមួយការបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តគាំទ្រយ៉ាងរឹងមាំចំពោះនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក បៃដិន បានឱ្យដឹងទៀតថាលោកនឹងកោះប្រជុំជាមួយមេដឹកនាំក្រុមប្រទេស G7​ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីសម្របសម្រួល ការឆ្លើយតបរួមគ្នាតាមផ្លូវការទូតទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់ និងក្រុម proxy របស់ពួកគេក្នុងប្រទេសយេម៉ែន ស៊ីរី និងអ៉ីរ៉ាក់ បានវាយប្រហារតាមផ្លូវអាកាសមិនធ្លាប់មានលើអ៉ីស្រាអែល។ ខ្ញុំថ្កោលទោសដាច់ខាតលើការវាយប្រហារទាំងនេះ។ តែដោយសារសមត្ថភាពដ៏អស្ចារ្យនៃកងកម្លាំង របស់យើង យើងបានជួយបាញ់ទម្លាក់ដ្រូន និងមីស៊ីលទាំងនោះស្ទើរតែទាំងអស់»។

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន អ៉ីស្រាអែលគួរតែចាត់ទុកយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា គឺជាជ័យជម្នះមួយ ព្រោះការវាយប្រហាររបស់អ៉ីរ៉ង់មិនបានទទួលជោគជ័យ នោះទេ តែមានតែបង្ហាញពីសមត្ថភាពយោធាដ៏អស្ចារ្យរបស់អ៉ីស្រាអែលទៅវិញ។

អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាបានបាញ់ដ្រូន និងមីស៊ីលជាង ២០០គ្រាប់ និងគ្រឿងដោយផ្ទាល់លើអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ហើយ នេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល។ ការវាយប្រហាររបស់អ៉ីរ៉ង់នេះដែរធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹក អ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់៕