(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានបន្ទោសប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជុំវិញការវាយប្រហារទ្រង់ទ្រាយធំរបស់អ៉ីរ៉ង់ លើអ៉ីស្រាអែល ដោយសង្កត់ធ្ងន់ថាលោក បៃដិន ដែលជាគូប្រជែងរបស់លោកក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ បានបង្ហាញពីភាពទន់ខ្សោយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើទៅកាន់អ្នកគាំទ្ររបស់លោក ក្នុងយុទ្ធការឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ព្រះប្រទានពរដល់ប្រជាជនអ៉ីស្រាអែល។ ពួកគេកំពុងស្ថិតក្រោមការវាយប្រហារ ក៏ដោយសារតែ យើងបង្ហាញពីភាពទន់ខ្សោយ...ភាពទន់ខ្សោយដែលយើងបានបង្ហាញ គឺពិតជាមិនគួរឱ្យជឿទាល់តែសោះ ហើយនឹងមិនកើតឡើងទេ ប្រសិនបើយើងកំពុងកាន់អំណាច»

យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់លើទឹកដី របស់ខ្លួន ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហារ របស់អ៉ីរ៉ង់ធ្វើឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់។

លោក ដូណាល់ ត្រាំ ដែលធ្លាប់បញ្ជាឱ្យកងទ័ពអាមេរិកសម្លាប់មេបញ្ជាការកំពូលអ៉ីរ៉ង់ម្នាក់ក្នុងទីក្រុងបាកដាដ និងបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ តែងតែចោទប្រកាន់លោក បៃដិនជារឿយៗថាមានជំហរទន់ភ្លន់ពេកចំពោះអ៉ីរ៉ង់។ ប៉ុន្តែ លោក ចូ បៃដិន នៅតែបញ្ជាក់ដដែលថាសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្ត យ៉ាងរឹងមាំចំពោះអ៉ីស្រាអែល ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអ៉ីរ៉ង់ និងក្រុម proxy របស់អ៉ីរ៉ង់៕