(ប៉េកាំង)៖ រសៀលថ្ងៃទី១២ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិចិន បានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធរឿងយោធាក្នុងពេលថ្មីៗនេះ។

មានអ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងហ្វីលីពីនបានធ្វើសមយុទ្ធជើងទឹកចម្រុះជាលើកដំបូង ។ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង៤ បានអះអាងក្នុងសេចក្តីថ្លែងការណ៍រួមថា ការធ្វើសមយុទ្ធលើកនេះ គឺក្នុងគោលបំណងបង្ហាញពី “ការសន្យាជាសមូហភាព” ដែលបង្កើនកិច្ចសហប្រតិបត្តិការ។ តាមការផ្សាយដំណឹងផ្សេងបានឱ្យដឹងថា អ្នកដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីនបានបើកធ្វើកិច្ចប្រជុំកំពូលត្រីភាគី ក្នុងពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានអះអាងថាការវាយប្រហារណាមួយ ដែលសំដៅចំពោះយន្តហោះ នាវាឬកងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីន នឹងប៉ះពាល់ដល់«កិច្ចព្រមព្រៀងការពាររួម រវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន»។ សូមសួរថាតើប្រទេសចិនមានអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

លោក Wu Qian បានថ្លែងថា ប្រទេសចិនយល់ឃើញជាប់រហូតមកថា កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពាររវាងប្រទេសណា សុទ្ធតែមិនគួរសំដៅចំពោះប្រទេសផ្សេងនោះទេ ហើយក៏មិនគួរបង្កផលប៉ះពាល់ដល់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែរ។ សមុទ្រចិនខាងត្បូង គឺជាផ្ទះរួមរបស់ប្រទេសក្នុងតំបន់ យើងផ្តួចផ្តើមជាប់រហូតមកឱ្យដោះស្រាយការខ្វែងគំនិត ដោយសមរម្យតាមរយៈការចរចា និងការពិគ្រោះពិភាក្សា ប្រឆាំងយ៉ាងដាច់ខាតចំពោះ ការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្ករឿងហេតុ ដើម្បីបង្កើតស្ថានការណ៍តានតឹងក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន