(ប៉េកាំង)៖ នារសៀលថ្ងៃទី១២ ខែមេសា លោកវរសេនីយ៍ឯក Wu Qian អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យ នៃក្រសួងការពារជាតិចិនបានប្រកាសព័ត៌មាន ស្តីពីបញ្ហាពាក់ព័ន្ធនឹងរឿងយោធានាពេលថ្មីៗនេះ។

មានអ្នកយកព័ត៌មានសួរថា៖ យោងតាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹកនៃតំបន់តៃវ៉ាន់ប្រទេសចិន បានទៅទស្សនកិច្ចនៅទីស្នាក់ការទូទៅប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក របស់យោធាសហរដ្ឋអាមេរិកនៅកោះហាវ៉ៃ ព្រមនិងចូលរួមសកម្មភាពពាក់ព័ន្ធនឹង យោធាសហរដ្ឋអាមេរិក។ មានបទអត្ថាធិប្បាយថា ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយ នៃការអនុវត្តរបស់សហរដ្ឋអាមេរិកនូវ "គំនិតការពារដែនកោះរួមគ្នា" ក្នុងគោលបំណងសម្របសម្រួលជាមួយអាជ្ញាធរតៃវ៉ាន់ ដើម្បីប្រឆាំងនឹងកម្លាំងយោធារបស់ចិននៅក្នុង "ខ្សែសង្វាក់កោះទីមួយ"។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Wu Qian បានលើកឡើងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរាល់ការផ្លាស់ប្តូរជាផ្លូវការ និងទំនាក់ទំនងយោធា តាមគ្រប់ទម្រង់រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ចិន។ គោលជំហរនេះគឺច្បាស់លាស់ណាស់។ តំបន់តៃវ៉ាន់ជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន បញ្ហាតៃវ៉ាន់ក៏ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែរ ដែលមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅ ធ្វើការជ្រៀតជ្រែកទេ។អ្វីដែលគេហៅថា "ខ្សែសង្វាក់កោះទីមួយ" គឺជាផលិតផលនៃភូមិសាស្ត្រនយោបាយ ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ការប៉ុនប៉ងណាមួយ ដែលចង់បិទខ្ទប់ប្រទេសចិនវាបាន តែជាការស្រមើលស្រមៃ ដែលមិនអាចទៅរួចតែប៉ុណ្ណោះ។ កងទ័ពរំដោះប្រជាជនចិន នឹងវាយប្រហារចំពោះរាល់សកម្មភាពធ្វើអបគមន៍របស់ជនដែលចង់ឱ្យតៃវ៉ាន់ "ឯករាជ្យ "៕

វិទ្យុមិត្តភាពកម្ពុជាចិន