(ប៉េកាំង)៖ ក្នុងសុន្ទរកថាមួយនៅទីក្រុងព្យុងយ៉ាង ដែលចេញផ្សាយកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ ប្រធានសភាចិន លោក Zhao Leji បាននិយាយថា ថ្នាក់ដឹកនាំនៃប្រទេសចិន មានឆន្ទៈធ្វើការរួមគ្នា ជាមួយសមភាគីកូរ៉េខាងជើងរបស់ខ្លួន ដើម្បីជំរុញការជឿទុកចិត្តគ្នាឱ្យកាន់តែស៉ីជម្រៅ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤។

ស៉ីនហួរបានឱ្យដឹងថា លោក Zhao ដែលស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចសុឆន្ទៈផ្លូវការមួយ នៅប្រទេសកូរ៉េខាងជើង ​ចាប់ពីថ្ងៃព្រហស្បតិ៍៍ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ បានថ្លែងសុន្ទរកថាដូចខាងលើ អំឡុងពិធីបើកឆ្នាំមិត្តភាពចិន-កូរ៉េខាងជើង ខណៈឆ្នាំ២០២៤នេះ ត្រូវជាមួយខួបទី​៧៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។ នាឱកាសនោះ លោក Zhao បាននិយាយដូច្នេះថា «ទោះបីជាស្ថានការណ៍អន្តរជាតិ មានការប្រែប្រួលបែបណាក៏ដោយ ចំណងមិត្តភាពដ៏យូរអង្វែងរវាងចិននិងកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើង និងថែរក្សាដោយថ្នាក់ដឹកនាំ​ជំនាន់មុនៗ នៃគណបក្សនិងប្រទេសទាំងពីរ នៅតែចាក់ឫសគល់យ៉ាងជ្រៅនិងរឹងមាំ មកទល់ពេលបច្ចុប្បន្ន»។

គួរបញ្ជាក់ថា លោក Zhao គឺជាមន្រ្តីចិនជាន់ខ្ពស់បំផុត​ ដែលបានទៅបំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងជើង គិតចាប់តាំងពីឆ្នាំ២០១៨ នៅពេលលោក Li Zhanshu ដែលកាលនោះជាប្រធានសភាចិន បានចូលរួមពិធីអបអរខួប៧០ឆ្នាំ នៃការបង្កើតប្រទេសកូរ៉េខាងជើង៕