(ឡុងដ៍)៖ អ៉ីស្រាអែលកំពុងស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ សម្រាប់សេណារីយ៉ូអាក្រក់ណាមួយដែលអាចនំាទៅរកជម្លោះទ្រង់ទ្រាយធំជាមួយអ៉ីរ៉ង់ បន្ទាប់ពី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថាទីក្រុងតេហេរ៉ង់ អាចនឹងវាយប្រហារសងសឹកលើគោលដៅយោធា ឬរដ្ឋាភិបាល នៅក្នុងទឹកដីអ៉ីស្រាអែល ក្នុងពេលឆាប់ៗ។ តាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg នៅក្នុងសប្ដាហ៍នេះ អ៉ីរ៉ង់ អាចនឹងបើកការវាយប្រហារជាមួយការកំណត់គោលដៅជាក់លាក់ខ្ពស់ ដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ ឬដ្រូនលើគោលដៅនៅក្នុងទឹកដីអ៉ីស្រាអែល។

Bloomberg បានឱ្យដឹងទៀតថាអ៉ីរ៉ង់កំពុងរៀបចំផែនការវាយប្រហារតែលើគោលដៅយោធា ឬអគាររដ្ឋាភិបាលក្នុងទឹកដីអ៉ីស្រាអែលប៉ុណ្ណោះ ហើយក្នុងនោះ មូលដ្ឋានទ័ព Kirya ដែលជាទីស្នាក់ការកណ្ដាលយោធាអ៉ីស្រាអែលក្នុងទីក្រុង Tel Aviv អាចនឹងក្លាយជាគោលដៅដ៏ចម្បងរបស់អ៉ីរ៉ង់ បើទោះជាគេមិនទាន់ដឹងថាតើ តេហេរ៉ង់នឹងធ្វើសកម្មភាពវាយប្រហារដោយខ្លួនឯង ឬក៏បញ្ជាឱ្យតួអង្គតំណាង ឬ proxy របស់ខ្លួនជាអ្នកបើកការវាយប្រហារលើអ៉ីស្រាអែល? ចំណែក គោលដៅ ផ្សេងទៀត អាចជាមូលដ្ឋានទ័ពអាកាសដូចជានៅក្នុងទីក្រុង Palmachim ស្ថិតនៅភាគកណ្ដាលអ៉ីស្រាអែល ឬ ក្នុងទីក្រុង Meron ស្ថិតនៅភាគខាងជើង រួមទាំង អគារសភា និងការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុងហ្ស៊េរុយសាឡិម។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រុមមន្ត្រីអាមេរិកមិនរំពឹងនោះទេថាការវាយប្រហារសងសឹករបស់ អ៉ីរ៉ង់អាចនឹងធ្ងន់ធ្ងរ ដល់ថ្នាក់បង្ខំឱ្យសហរដ្ឋអាមេរិកលូកដៃធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ចូលក្នុងសង្រ្គាមទ្រង់ទ្រាយធំមួយ។

*​ តើអ៉ីរ៉ង់មានអាវុធអ្វីខ្លះ?
អ៉ីរ៉ង់ ត្រូវបានគេរាយការណ៍ថាមានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់បានចម្ងាយ ១០០០គីឡូម៉ែត្រឡើងទៅ ហើយថ្មីៗនេះអ៉ីរ៉ង់បានបញ្ចេញដ្រូនស៊េរីថ្មីមួយ ឈ្មោះ Mohajer 10 មានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដែលតេហេរ៉ង់អះអាងថាអាចវាយប្រហារលើអ៉ីស្រាអែល។ ការបាញ់មីស៊ីល ឬដ្រូនណាមួយចេញពី ទឹកដីអ៉ីរ៉ង់ នឹងក្លាយជាការធ្វើតេស្ដជាក់ស្ដែងលើសមត្ថភាពឃ្លាំងអាវុធរបស់អ៉ីរ៉ង់ ខណៈពីភាគនិរតីអ៉ីរ៉ង់ ទៅកាន់អ៉ីស្រាអែលមានចម្ងាយ ១៧០០គីឡូម៉ែត្រ។ ជាទ្រឹស្តី អ៉ីស្រាអែលស្ថិតក្នុងរយៈចម្ងាយបាញ់របស់មីស៊ីលអ៉ីរ៉ង់ ដូចជាមីស៊ីល Kheibar ដែលតេហេរ៉ង់អះអាងថាបាញ់បានចម្ងាយ ២០០០គីឡូម៉ែត្រ។

ក្រុមអ្នកវិភាគជាច្រើនមានការសង្ស័យចំពោះការគំរាមសងសឹករបស់អ៉ីរ៉ង់ ក្នុងការវាយប្រហារដោយផ្ទាល់លើអ៉ីស្រាអែល ព្រោះថាការធ្វើសង្រ្គាមជាមួយអ៉ីស្រាអែល ប្រៀបដូចជាធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកដូច្នោះដែរ ដែលនេះអាចនឹងធ្វើ​ឱ្យអាយុជីវិតនៃរបបដឹកនាំអ៉ីរ៉ង់ប្រឈមនឹងគ្រោះថ្នាក់។ ណាមួយ ជាយុទ្ធសាស្ត្រដែល បានប្រកាន់ភ្ជាប់ជាយូរណាស់មកហើយ អ៉ីរ៉ង់តែងតែបើកការវាយប្រហារលើអ៉ីស្រាអែល ឬសហរដ្ឋអាមេរិក ដោយធ្វើឡើងតាមរយៈក្រុម proxy។ ក៏ប៉ុន្តែ សព្វថ្ងៃ ថ្នាក់ដឹកនាំអ៉ីរ៉ង់ហាក់កំពុងប្រឈមមុខនឹងសម្ពាធ ដែលត្រូវតែបង្ហាញសាច់ដុំកុំឱ្យគេថាខ្លួនឯងជាខ្លាក្រដាស ដើម្បីសងសឹកចំពោះការវាយប្រហារលើស្ថានកុងស៊ុល របស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា សម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។

* តើនឹងមានអ្វីកើតឡើង បើអ៉ីរ៉ង់វាយប្រហារលើអ៉ីស្រាអែល?
ការវាយប្រហារដោយផ្ទាល់របស់អ៉ីរ៉ង់ លើទឹកដីអ៉ីស្រាអែលអាចនឹងត្រូវបានចាត់ទុកជាសង្រ្គាមប្រឆាំងនឹងអ៉ីស្រាអែល។ តួយ៉ាង រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានព្រមានថាការវាយប្រហារណាមួយរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល នឹងតម្រូវឱ្យអ៉ីស្រាអែលបើកការវាយប្រហារដោយផ្ទាល់លើទឹកដីអ៉ីរ៉ង់វិញ។ សម្រាប់លោក Jonathan Panikoff ជានាយកវិទ្យាស្ថាន Atlantic Council ការវាយប្រហារដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ ឬដ្រូនប្រឆាំងនឹងគោលដៅនៅលើ ទឹកដីអ៉ីស្រាអែល គឺជាជម្រើសដ៏ប្រថុយប្រថានរបស់អ៉ីរ៉ង់។ ម្យ៉ាងទៀត ខណៈអ៉ីរ៉ង់អាចនឹងព្យាយាមបញ្ចៀសកុំឱ្យការសងសឹករបស់ខ្លួនផ្ទុះទៅជាសង្រ្គាមពេញទំហឹង តាមរយៈការវាយប្រហារតែលើគោលដៅយោធា ឬមូលដ្ឋានស៊ើបការណ៍សម្ងាត់ក៏ដោយ ក៏វានៅតែជាជំហានគ្រោះថ្នាក់សម្រាប់អ៉ីរ៉ង់ដូចគ្នាដែរ នោះក៏ដោយសារតែ អ៉ីរ៉ង់បាន និងកំពុងប្រឹងប្រែងបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំជាមួយអ៉ីស្រាអែល ជាសង្រ្គាមមួយដែលអ៉ីរ៉ង់ មិនទាន់ត្រៀមលក្ខណៈរួចរាល់នោះទេ។

ដូច្នេះវានៅមានសេណារីយ៉ូផ្សេងទៀត នោះគឺដូចទម្លាប់ចាស់ អ៉ីរ៉ង់នឹងបញ្ជាឱ្យក្រុម proxy របស់ខ្លួននៅក្នុងប្រទេសលីបង់ ដូចជាក្រុម Lebanon ឬនៅស៊ីរី បើក ការវាយប្រហារមីស៊ីល ឬដ្រូនទ្រង់ទ្រាយធំលើអ៉ីស្រាអែល។ ក្រុម Hezbollah ត្រូវបានគេរាយការណ៍ថាមានស្ដុកមីស៊ីលក្នុងចំនួនដ៏ច្រើន ដែលគ្រប់គ្រាន់អាចនឹង បាញ់ទម្លុះប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល ដូចជា Iron Dome និង David’s Sling។ ក៏ប៉ុន្តែ បើតាមលោក Steven Wagner ជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់ មកពីសាកវិទ្យាល័យ Brunel University ក្រុម Hezbollah បានបង្ហាញពីការស្ទាក់ស្ទើរគួរឱ្យកត់សម្គាល់អំឡុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាជាង ៦ខែមកនេះ ហើយនៅតែស្ទាក់ស្ទើរខ្លាំងនៅឡើយចំពោះការធ្វើសង្រ្គាមទ្រង់ទ្រាយធំជាមួយអ៉ីស្រាអែល។ ដ្បិត Hezbollah ក៏ត្រូវគិតគូរ ពីសុវត្ថិភាពខ្លួនឯងដែរ។

Hezbollah បានចាត់ទុកឃ្លាំងមីស៊ីលរបស់ខ្លួនជាការកំញើញដ៏សំខាន់ប្រឆាំងអ៉ីស្រាអែល។ ម្លោះហើយបើពួកគេប្រើប្រាស់មីស៊ីលទាំងនេះដើម្បីគាំទ្រអ៉ីរ៉ង់ នោះឃ្លាំង មីស៊ីលរបស់ពួកគេនឹងថយចុះឥទ្ធិពលតាមនោះដែរ។ តែយ៉ាងណាក៏ដោយ ថាតើសង្រ្គាមទ្រង់ទ្រាយធំនឹងផ្ទុះឡើង ឬក៏សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធា ដោយផ្ទាល់ដែរឬក៏យ៉ាងណា គឺវាអាស្រ័យទៅលើផងដែរថាតើការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ធ្វើឡើងក្នុងកម្រិតណា?

* សង្គ្រាមចិត្តសាស្ត្រ?
វានៅមានសេណារីយ៉ូមួយទៀត ដែលអាចផ្ទុយពីការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នោះគឺការសងសឹករបស់អ៉ីរ៉ង់នឹងមិនកើតឡើងភ្លាមៗទេ ហើយវាក៏នឹងក្លាយជាផ្នែកមួយនៃសង្រ្គាមចិត្តសាស្ត្រប្រឆាំងនឹងអ៉ីស្រាអែលផងដែរ ដែលមានគោលដៅរកឱ្យឃើញពីចំណុចខ្សោយនៃប្រព័ន្ធការពារដែនអាកាស អ៉ីស្រាអែល ដោយតាមរយៈការគំរាមសងសឹករបស់អ៉ីរ៉ង់ បាន និងកំពុងធ្វើឱ្យយោធាអ៉ីស្រាអែលស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់។ មិនតែប៉ុណ្ណោះ ការគំរាមរបស់ អ៉ីរ៉ង់ក៏បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ផ្អាកជើងហោះហើរទៅ និងមកទៅកាន់ទីក្រុងតេហេរ៉ង់ផងដែរ។

លោក Kasra Aarabi ជាអ្នកជំនាញម្នាក់ស្ដីពីយោធាអ៉ីរ៉ង់ មកពីអង្គការ United Against a Nuclear Iran យល់ថាទោះជាមានការដំឡើងសំឡេងគំរាមពីរបបដឹកនាំ អ៉ីរ៉ង់ក៏ពិតមែន ប៉ុន្តែការវាយប្រហារដោយផ្ទាល់លើទឹកដីអ៉ីស្រាអែលពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅតែមិនទំនងទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេហាក់ កំពុងធ្វើសង្រ្គាមចិត្តសាស្ត្រ ជាមួយគោលដៅធ្វើឱ្យការភ័យខ្លាចពីការវាយប្រហារមានសភាពធ្ងន់ធ្ងរជាងការវាយប្រហារជាក់ស្ដែងទៅទៀត ឬបង្កការភ័យខ្លាចដល់ បណ្ដាប្រទេសក្នុងតំបន់ដែលទទួលឱ្យកងទ័ពអាមេរិកឈរជើង ឬមានទំនាក់ទំនងជាមួយអ៉ីស្រាអែលភ័យខ្លាចថាពួកគេក៏អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារ ដែរ ដើម្បីរង់ចាំទាញយកប្រយោជន៍ពីភាពចលាចល។

* តើអ៉ីស្រាអែលនឹងឆ្លើយតបបែបណាចំពោះការគំរាមកំហែងពីអ៉ីរ៉ង់?
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu អាចនឹងពិចារណាលើជម្រើសសងសឹកក្នុងទម្រង់ស្រដៀងគ្នា ប្រសិនបើយោធា ឬរដ្ឋាភិបារបស់លោក រងការវាយប្រហារដោយផ្ទាល់ពីអ៉ីរ៉ង់។ ការសងសឹកទាំងនោះអាចមានការវាយប្រហារលើទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ក្នុងទីក្រុង តេហេរ៉ង់ ឬមូលដ្ឋានដទៃទៀតរបស់ IRGC ដូចជាមូលដ្ឋានថ្មីក្នុងខេត្ត Sistan និង Baluchistan។

ប៉ុន្តែ ប្រឈមមុខនឹងសម្ពាធនៅក្នុងប្រទេសឱ្យផ្តោតលើការរំដោះចំណាប់ខ្មាំងដែលកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា លោក Netanyahu ទំនងជានឹងមិនចាប់អារម្មណ៍ លើសង្រ្គាមជាមួយអ៉ីរ៉ង់នោះទេ លុះត្រាតែចាំបាច់ជាទីបំផុត៕