(ប៉េកាំង)៖ អ្នកនាំពាក្យយោធាចិនបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនប្រឆាំងយ៉ាងខ្លាំង ចំពោះផែនការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា ការជំរុញរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយមីស៊ីល គឺជានិន្នាការដ៏គ្រោះថ្នាក់ ដែលនឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខរបស់ប្រទេសក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោកបានបន្ថែមថា «ចិនប្រឆាំងដាច់ខាតចំពោះរឿងនេះ ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់។ យើងជំរុញឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងស្មោះស្ម័គ្រ ចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រទេសផ្សេងៗ និងបញ្ឈប់សកម្មភាពដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់»

គួរជម្រាបថា មុននេះ តំណាងបញ្ជាការដ្ឋានប៉ាស៊ីហ្វិករបស់កងទ័ពអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅចុងឆ្នាំនេះ៕