(ហ្សឺណែវ)៖ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានព្រមាននៅថ្ងៃសុក្រនេះថា ការឡើងថ្លៃទំនិញកំពុងធ្វើឱ្យវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរ នៅអាហ្វ្រិកខាងលិច និងកណ្តាល ដែលមនុស្សជិត ៥៥ លាននាក់ នឹងតស៊ូដើម្បីចិញ្ចឹមខ្លួននៅប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

ពួកគេបាននិយាយថា ចំនួនមនុស្សប្រឈមមុខនឹងភាពអត់ឃ្លានក្នុងខែមិថុនាដល់ខែសីហា បានកើនឡើងបួនដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយកត់សម្គាល់ថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដូចជាអតិផរណាដែកើនលលើសពី ១០% និងផលិតកម្មក្នុងស្រុកដែលនៅទ្រឹង បានក្លាយជាកត្តាជំរុញដ៏សំខាន់នៃវិបត្តិ រួមជាមួយនឹងជម្លោះដែលកើតឡើងជាបន្តបន្ទាប់ក្នុងតំបន់។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺប្រទេសនីហ្សេរីយ៉ា ហ្គាណា សៀរ៉ាឡេអូន និងម៉ាលី ខណៈដែលមនុស្សប្រហែល ២,៦០០ នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសទាំងនេះ មានហានិភ័យក្នុងការជួបប្រទះនឹងភាពអត់ឃ្លានដ៏មហន្តរាយ។
លោកស្រី Margot Vandervelden នាយកប្រចាំតំបន់របស់ WFP នៅអាហ្រ្វិកខាងលិចបាននិយាយថា «ពេលវេលាដើម្បីធ្វើសកម្មភាព គឺឥឡូវនេះ។ យើងត្រូវការដៃគូទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ... ដើម្បីការពារស្ថានការណ៍ ពីការរីករាលដាលចេញពីការគ្រប់គ្រង»។

ទីភ្នាក់ងារបាននិយាយថា ដោយសារកង្វះស្បៀងអាហារ កង្វះអាហារូបត្ថម្ភមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ គេបានប៉ាន់ប្រមាណថា កុមារ ១៦.៧ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំ កំពុងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ នៅទូទាំងអាហ្វ្រិកខាងលិច និងកណ្តាល៕