(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ ចិនបានទទូចឱ្យសហរដ្ឋអាមេរិក ព្យាយាមដើរតួនាទីស្ថាបនា នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានជួបសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអាមេរិក លោក Antony Blinken។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​AFP នាថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។

ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Blinken បានឆ្លៀតឱកាសយកកិច្ចសន្ទនាខាងលើ ស្នើឱ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលអ៉ីរ៉ង់ កុំឱ្យវាយប្រហារលើអ៉ីស្រាអែល។ ជាច្រើនថ្ងៃមកនេះ ក្តីបារម្ភបាននិងកំពុងតែកើនឡើងខ្លាំង ស្តីពីសកម្មភាពសងសឹក​របស់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីអ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាស លើអគារបេសកកម្មការទូតរបស់អ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាសនៃប្រទេសស៉ីរី កាលពីថ្ងៃទី១ ខែមេសា។

នាថ្ងៃសុក្រនេះ ខាងទីក្រុងប៉េកាំងបានទទួលស្គាល់កិច្ចសន្ទនាខាងលើ និងនិយាយថា លោក Wang បានសម្តែងការថ្កោលទោសជាខ្លាំងរបស់ចិន ចំពោះការវាយប្រហារនោះ ហើយទន្ទឹមគ្នាបានសង្កត់ធ្ងន់ អំពីសិទ្ធិដែលមិនអាចបំពានបានដាច់ខាត នៃសន្តិសុខរបស់ស្ថាប័នការទូត ព្រមទាំងភាពចាំបាច់ក្នុងការគោរពអធិបតេយ្យរបស់ប្រទេសអ៉ីរ៉ង់ និងប្រទេសស៉ីរី។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបន្ថែមដូច្នេះទៀតថា «ចិននឹងបន្តដើរតួនាទីស្ថាបនា ក្នុងការស្វែងរក​ដំណោះស្រាយ សម្រាប់បញ្ហានៅតំបន់មជ្ឈិមបូព៌ា ហើយចូលរួមចំណែកដើម្បីបន្ធូរបន្ថយកម្តៅ នៃស្ថានការណ៍តានតឹង។ រីឯភាគីអាមេរិកគឺជាពិសេស គួរតែដើរតួនាទីប្រកបដោយភាពស្ថាបនា»។

គួរបញ្ជាក់ថា មេដឹកនាំនៅប្រទេសអ៉ីរ៉ង់ បានចេញមុខប្តេជ្ញាវាយប្រហារសងសឹកតបតវិញ បន្ទាប់ពីការទម្លាក់គ្រាប់បែកលើអគារកុងស៊ុល នៅឯស្ថានទូតរបស់ខ្លួន ដែលបានបណ្តាលឱ្យសមាជិក៧នាក់ នៃកងកម្លាំងបដិវត្តន៍អ៉ីរ៉ង់ស្លាប់ ក្នុងនោះរួមមានទាំងឧត្តមសេនីយ៍២នាក់។ ប្រការនេះបាននិងកំពុងបង្កឱ្យមានក្តីព្រួយបារម្ភខ្លាំងឡើង អំពីការរីករាលដាលនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើវិបត្តិសង្រ្គាមអ៉ីស្រាអែលនៅតំបន់ហ្កាហ្សា៕