(ប៉េកាំង)៖ កងកម្លាំងឆ្មាំសមុទ្រចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើសកម្មភាពយាមល្បាត នៅដែនទឹកនៃទីប្រជុំកោះ Diaoyu នៅឯ​តំបន់សមុទ្រចិនខាងកើត ដែលជាកន្លែងមានបញ្ហាវិវាទជាមួយទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។

ចំណែកឯ ឆ្មាំសមុទ្រជប៉ុនវិញ ក៏បានប្រកាសឱ្យដឹងដែរថា កងកម្លាំងល្បាតរបស់ខ្លួន បានប្រាប់ឱ្យនាវាល្បាត៤គ្រឿងរបស់ឆ្មាំសមុទ្រចិន ចាកចេញពីកន្លែងដែលទីក្រុងតូក្យូអះអាងថា ជាដែនទឹករបស់ខ្លួន នៅក្បែរទីប្រជុំកោះខាងលើ ដែលជប៉ុនហៅថា Senkaku។ បើតាម​ឆ្មាំសមុទ្រជប៉ុន វាគឺជាសកម្មភាពលើកទី១០ហើយ​ ដោយក្រុមនាវាឆ្មាំសមុទ្រចិន នៅក្នុងឆ្នាំនេះ។ ដែនទឹកនៅជុំវិញទីប្រជុំកោះខាងលើ គឺត្រូវបានអះអាងដណ្តើមគ្នារវាងចិននិងជប៉ុន។ ភាគីទាំងសងខាងបានប្រឈមមុខគ្នានៅទីនោះ ដោយដាក់ពង្រាយនាវាល្បាត និងស្នើឱ្យ​ភាគីម្ខាងៗចាកចេញឱ្យឆ្ងាយ។

គួរបញ្ជាក់ថា ហេតុការណ៍ប្រឈមមុខនាថ្ងៃសុក្រនេះ កើតមានឡើងស្របពេលមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានបើក​កិច្ចពិភាក្សាកំពូលនៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះរួមមានទាំងប្រធានបទ ស្តីពីមធ្យោបាយដើម្បីទប់ទល់ ការបង្កើន​សម្ពាធរបស់ទីក្រុងប៉េកាំង មកលើទីក្រុងម៉ានីល នៅឯតំបន់សមុទ្រដែលមានបញ្ហាជម្លោះមួយទៀត គឺសមុទ្រចិនខាងត្បូង៕