(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយនៅថ្ងៃសុក្រនេះថា នូវែលសេឡង់ កំពុងប្រឈមមុននឹងបរិយាកាសសកល ដែលអស្ថិរភាពបំផុតមិនធ្លាប់មានជាង ៥០ឆ្នាំមកនេះ និងសន្យាជំរុញទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤។

ក្រោយត្រលប់ពីដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អេហ្ស៉ីប និងអឺរ៉ុប លោក Peters បានចេញសេចក្តីថ្លែងការណ៍មួយថា «យើងមិនអាចមានលទ្ធភាពអង្គុយចុះដោយជឿជាក់ ក្នុងតំបន់ប៉ាស៉ីហ្វិកខាងត្បូង ប្រកាន់ខ្ជាប់ និងនិយាយអ្វី ដែលបានព្រមព្រៀងគ្នាជាមួយប្រទេសដ៏ទៃ តែម្នាក់ឯងបានទេ។ វាជារឿងសំខាន់ដែលយើងត្រូវបង្ហាញ ស្តាប់គ្រប់ទស្សនៈ និងពង្រឹងភាពជាដៃគូជាមួយមិត្តប្រពៃណីរបស់យើង ដូច្នេះទើបដូច្នេះយើងអាចសម្របខ្លួនទៅនឹង បរិយាកាសពិភពលោកដ៏ស្មុគស្មាញបាន»។

លោក Peters បានបន្ថែមថា «សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់យើង នៅក្នុងតំបន់ប៉ាស៉ីហ្វិក រួមជាមួយអូស្ត្រាលី ជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុប។ យើងអាចសម្រេចការងារជាមួយគ្នា និងធ្វើបានច្រើនហើយសម្រាប់តំបន់ប៉ាស៊ីហ្វិក ជាជាងធ្វើការដាច់ដោយឡែកពីគ្នា»

គួរបញ្ជាក់ថា នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានពណ៌នាខ្លួនឯងថាជាដៃគូយុទ្ធសាស្ត្រជិតស្និទ្ធ ហើយទំនាក់ទំនងនោះកាន់តែរឹងមាំ ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែមានការព្រួយបារម្ភទៅវិញទៅមក អំពីវត្តមានរបស់ចិននៅក្នុងតំបន់ប៉ាស៉ីហ្វិក៕