(វីលនីញូស)៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទូចដល់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ឱ្យបំពេញតាមការសន្យាផ្តល់ជំនួយយោធា ជាពិសេស លើការផ្តល់ប្រព័ន្ធការពារដែនអាកាសដែលកំពុងត្រូវការខ្លាំង ក្នុងពេលដែលរុស្ស៉ីបង្កើនការវាយប្រហារតាមផ្លូវអាកាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ ២០២៤។

រុស្ស៉ី បាននិងកំពុងបន្តយុទ្ធនាការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលខូចខាចស្រាប់របស់អ៊ុយក្រែន បណ្តាលឱ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរ។ កន្លងមក អ៊ុយក្រែន ពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធការពារអាកាស Patriot ដែលផ្តល់ឱ្យដោយលោកខាងលិច ហើយត្រូវការវាសរុបចំនួន ២៦គ្រឿង និងយ៉ាងហោចណាស់ ៧គ្រឿងជាបន្ទាន់។

លោក ហ្សេលេនស្គី បានប្រាប់សន្និសីទសារព័ត៌មានមុនកិច្ចប្រជុំកំពូលនៃបណ្តាមេដឹកនាំសហភាពអឺរ៉ុបថា «ជារៀងរាល់ថ្ងៃភេរវកររុស្ស៉ី ព្យាយាមផ្តាច់ការផ្គត់ផ្គង់ថាមពលសម្រាប់ទីក្រុង Kharkiv និងទីក្រុងដ៏ទៃទៀត ហើយរាល់ថ្ងៃនេះយើងបានលឺថានឹងមានជំនួយផ្តល់មកឆាប់ៗ ដូចនេះការពិតត្រូវតែសាកសមនឹងពាក្យសម្តី ហើយការធ្វើឱ្យរុស្ស៉ីខាតបង់ ត្រូវតែមានការធានាយ៉ាងពិតប្រាកដ»

គួរបញ្ជាក់ថា បណ្តាមេដឹកនាំមកពីប្រទេសជាច្រើននៅអឺរ៉ុបកណ្តាល រួមទាំងប៉ូឡូញ សាធារណរដ្ឋឆែក និងរូម៉ានី បានចូលរួមកិច្ចប្រជុំកំពូល «Three Seas Summit» ក្នុងទីក្រុងវីនីញូស ប្រទេសលីទុយអានី ដោយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន មានភាពលេចធ្លោជាងគេនៅក្នុងរបៀបវារៈ៕