(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថាអ៊ុយក្រែនកំពុងប្រឈមមុខនឹងការដួលរលំ នៅក្រោមការវាយប្រហាររបស់រុស្ស៉ី ប្រសិនបើគ្មាន ជំនួយគាំទ្រពីសហរដ្ឋអាមេរិក ហើយបើរឿងបែបនេះកើតឡើងមែន នោះវានឹងក្លាយជាការលើកទឹកចិត្តដល់ចិន និងបង្កឱ្យមានវិបត្តិថ្មីមួយក្នុងតំបន់អាស៊ីខាងកើត។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។

លោក Fumio Kishida ធ្វើការកត់សម្គាល់បែបនេះអំឡុងថ្លែងសុន្ទរកថាមួយទៅកាន់សម័យប្រជុំរួមនៃសភាទាំង២របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Kishida បានគូសបញ្ជាក់ដូច្នេះថា «ភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិកពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ ម្លោះហើយបើគ្មាន ជំនួយគាំទ្រពីសហរដ្ឋអាមេរិកទេ តើវាឆាប់កម្រិតណាដែលអ៊ុយក្រែនអាចប្រឈមមុខនឹងការដួលរលំនៅក្រោមការវាយប្រហារពីរុស្ស៉ី? ហើយបើគ្មានវត្តមានរបស់សហរដ្ឋអាមេរិក តើវាឆាប់កម្រិតណាដែលឥណ្ឌូប៉ាស៊ីហ្វិកនឹងត្រូវប្រឈមមុខនឹងការពិតមួយកាន់តែធ្ងន់ធ្ងរ?»

គួរបញ្ជាក់ថា លោក Fumio Kishida គឺជានាយករដ្ឋមន្ត្រីជប៉ុនដំបូងបំផុតដែលបានថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងពេល៩ឆ្នាំ និងជានាយករដ្ឋមន្ត្រីជប៉ុនទី២ បន្ទាប់ពីលោក Shinzo Abe ដែលបានថ្លែងសុន្ទរកថាបែបនេះកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។ សុន្ទរកថារបស់លោក Kishida នេះដែរ កើតមានឡើង ចំពេលនយោបាយអាមេរិកកំពុងបែកបាក់យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងតួនាទីរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ជាពិសេសគឺការជាប់គាំងក្នុងការផ្ដល់ ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។

លោក បៃដិន បានសន្យាផ្ដល់ជំនួយោធាទំហំ ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ហើយជំនួយនេះត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ៧០ភាគរយ កាលពីខែកុម្ភៈកន្លងទៅ ដោយព្រឹទ្ធសភាអាមេរិកដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែ ត្រូវជាប់គាំងនៅក្នុងរដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហើយលោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានសារភាពដែរថាបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ នោះអ៊ុយក្រែនអាចនឹងចាញ់សង្រ្គាមជាមួយរុស្ស៉ី៕