(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា (ម៉ោងនៅវ៉ាស៊ីនតោន) បានសន្យាថានឹងការពារប្រទេសហ្វីលីពីន ពីការវាយប្រហារណាមួយក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈរូបលោកធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយទីក្រុងតូក្យូ និងទីក្រុងម៉ានីល ចំពោះមុខភាពតានតឹងជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តយ៉ាងរឹងមាំដើម្បីការពារហ្វីលីពីន និងជប៉ុន...ដូច្នេះការវាយប្រហារណាមួយលើយន្ដហោះចម្បាំង នាវា ឬកងកម្លាំងប្រដាប់អាវុធរបស់ ហ្វីលីពីននៅក្នុងតំបន់សមុទ្រចិនខាងត្បូងនឹងតម្រូវឱ្យយើងត្រូវប្រើប្រាស់សន្ធិសញ្ញាការពារជាតិរួមគ្នា»

គួរបញ្ជាក់ថា កិច្ចប្រជុំត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន កើតមានឡើងចំពេលដែលចិន និងហ្វីលីពីនប្រឈមមុខដាក់គ្នាកាន់តែញឹកញាប់ឡើង ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយបង្កើនការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះជម្លោះប្រដាប់អាវុធ។ ប៉ុន្តែ ខណៈបង្ហាញការប្ដេជ្ញាចិត្តចំពោះជប៉ុន និងហ្វីលីពីន លោក បៃដិន ក៏កំពុងព្យាយាមគ្រប់គ្រងភាពតានតឹងជាមួយចិនផងដែរ តាមរយៈការបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីសប្ដាហ៍មុន និងបើក កិច្ចប្រជុំកំពូលទល់មុខក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំមុន។

លើសពីនេះទៅទៀត កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក បៃដិន ក៏បាននិយាយដែរថាការធ្វើបច្ចុប្បន្នភាពដ៏ធំ នៅក្នុងទំនាក់ទំនងយោធាជាមួយជប៉ុន គឺជាមានលក្ខណៈការពារ ខ្លួនសុទ្ធសាធ និងមិនមានគោលដៅលើប្រទេសណាមួយ ឬក៏គំរាមកំហែងដល់តំបន់នោះឡើយ៕