(ប៉េកាំង)៖ ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនជិត នឹងសម្ពោធបើក។ តំបន់តាំងពិព័រណមួយកន្លែង នៃពិព័រណ៍លើកនេះ មានឈ្មោះដ៏ពិសេស គឺ តំបន់តាំងពិព័រណ៍ «វដ្ដរង្វិលជុំពីរ ទិញទូទាំងពិភពលោក»។ តើអ្វីជា «វដ្ដរង្វិលជុំពីរ»? គួរ«ទិញទូទាំងពិភពលោក»យ៉ាងដូចម្ដេច?

វដ្ដរង្វិលជុំសេដ្ឋកិច្ចមាន ៤ ដំណាក់កាលគឺ ផលិត លំហូរ ចែកចាយ និងប្រើប្រាស់ ក្នុងនោះ ការប្រើប្រាស់ជាចំណុចទីបញ្ចប់ ហើយក៏ជាទីចាប់ផ្តើមនៃវដ្ដរង្វិលជុំថ្មីផង។ វដ្ដរង្វិលជុំសេដ្ឋកិច្ចនៃប្រទេសណាមួយក្តី សុទ្ធតែបង្កើតឡើងដោយវដ្ដរង្វិលជុំ ក្នុងប្រទេសនិងក្រៅប្រទេស។ តើចាត់ទុក វដ្ដរង្វិលជុំក្នុងប្រទេស ជាសំខាន់ ឬវដ្ដរង្វិលជុំក្រៅប្រទេស ជាសំខាន់? ត្រូវកំណត់សម្រេចដោយដំណាក់កាលនៃការអភិវឌ្ឍ បរិស្ថានអភិវឌ្ឍន៍ និងគោលដៅ អភិវឌ្ឍន៍ នៃប្រទេសនោះ។ ឧទាហរណ៍ថា កាលពីឆ្នាំ១៩៨០ មុនធ្វើកំណែទម្រង់និងការបើកទូលាយ ប្រទេសចិនបានចាត់ទុកវដ្ដរង្វិលជុំក្នុងប្រទេស ជាសំខាន់ ក្រោយពីធ្វើកំណែទម្រង់ ចិនបានរួមបញ្ចូលក្នុង វដ្ដរង្វិលជុំអន្តរជាតិដោយវិជ្ជមាន ដែលបានជំរុញឱ្យសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស។

សព្វថ្ងៃនេះ បរិយាកាសក្នុងនិងក្រៅប្រទេសបានផ្លាស់ប្តូរទាំងស្រុង ខណ:ទូទាំងពិភពលោកកំពុងប្រឈមនឹងសភាពការណ៍ ប្រែប្រួលយ៉ាងខ្លាំងដែលក្នុងមួយរយឆ្នាំកន្លងទៅ មិនដែលជួបប្រទះ។ បន្ទាប់ពីបានអភិវឌ្ឍរយ:ពេលយូរ សេដ្ឋកិច្ចចិនមានទំហំ ទ្រង់ទ្រាយធំសម្បើម ទីផ្សារសម្បូរសក្តានុពល ហើយមានប្រព័ន្ធឧស្សាហកម្មពេញលេញ។ ចិនមានប្រជាជនចំនួន១៤រយលាននាក់ GDPមធ្យមសម្រាប់មនុស្សម្នាក់ៗ បានលើសពី១ ម៉ឺនដុល្លារអាមេរិក តួអង្គទីផ្សារចំនួន១៣០លាន ធនធានមនុស្សដែលបានទទួល ការអប់រំកម្រិតឧត្តមសិក្សា ឬមានសមត្ថភាពមុខជំនាញប្រភេទខុសគ្នា ចំនួនលើសពី១៧០ លាននាក់ គឺជាទីផ្សារប្រើប្រាស់ទ្រង់ទ្រាយធំបំផុត និងមានសក្តានុពលខ្លាំងបំផុត លើពិភពលោក ដូច្នេះទំនាក់ទំនងជាមួយវដ្ដរង្វិលជុំអន្តរជាតិ បានឈានចូលដំណាក់កាលត្រូវសម្របសម្រួលហើយ។ ម្យ៉ាងទៀត សេដ្ឋកិច្ចពិភពលោកបាន និងកំពុង ថមថយចុះយ៉ាងជ្រាលជ្រៅ ប្រទេសខ្លះបានញ៉ុះញង់ការពារជាតិនិយម ។ល។ ដែលបានធ្វើឱ្យខ្សែសង្វាក់ផលិតនិងផ្គត់ផ្គង់អន្តរជាតិត្រូវកាត់ផ្តាច់ វដ្ដរង្វិលជុំសេដ្ឋកិច្ចអន្តរជាតិបានទន់ខ្សោយយ៉ាងច្បាស់។

ក្រោមសភាពការណ៍បែបនេះហើយ លោក Xi Jinping មេដឹកនាំកំពូលចិន បានប្តេជ្ញាចិតដាក់ចេញយុទ្ធសាស្ត្រ «កសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី» ដែលខ្លឹមសារស្នូលគឺ «ចាត់ទុកវដ្ដរង្វិលជុំក្នុងប្រទេសជាសំខាន់ ហើយវដ្ដរង្វិលជុំក្នុងប្រទេស និងក្រៅប្រទេសជំរុញគ្នាទៅវិញទៅមក»។ យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះប្រៀបដូចជាផែនទីនាំផ្លូវ ដឹកនាំនាវាយក្សនៃសេដ្ឋកិច្ចចិន សំដៅឆ្ពោះទៅមុខ ដូច្នេះ «វដ្ដរង្វិលជុំពីរ» ក៏បានក្លាយជាពាក្យគន្លឹះដែលមានប្រជាប្រិយភាពក្នុងប្រទេសចិន។

វដ្ដរង្វិលជុំក្នុងប្រទេស និងវដ្ដរង្វិលជុំក្រៅប្រទេស វាបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួត។ សូមលើកយកពិព័រណ៍ផលិតផល ប្រើប្រាស់អន្តរជាតិចិន លើកនេះជាឧទារណ៍ ពិព័រណ៍នេះផ្តោតសំខាន់លើការប្រើប្រាស់ក្នុងវិស័យថ្មីដូចជា ឌីជីថល បៃតង និងសុខភាព ដែលបានទាក់ទាញម៉ាកផលិតផលចំនួន៣ពាន់ នៃប្រទេស និងតំបន់ចំនួន៥៩មកចូលរួម។ អាចនិយាយបានថា ពិព័រណ៍នេះបានតភ្ជាប់ទីផ្សារក្នុង និងក្រៅប្រទេសរបស់ចិន ជាវេទិកាសំខាន់នៃការជំរុញ «វដ្ដរង្វិលជុំពីរ» និងជាវេទិកា សំខាន់មួយ ដើម្បីឱ្យសហគ្រាសពិភពលោកចែករំលែកទីផ្សារចិន ហើយជំរុញឱ្យផលិតផលចិនឆ្ពោះទៅកាន់ពិភពលោក។

ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចំនួន១៤០ ទំហំសរុបនៃពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់ចិន សុទ្ធតែស្ថិតនៅលំដាប់ថ្នាក់ទីមួយនៃពិភពលោក។ សក្តានុពលនិងតម្រូវការនៃ «វដ្ដរង្វិលជុំពីរ ទិញទូទាំងពិភពលោក» ចំពោះសហគ្រាស ពាណិជ្ជករនិងអ្នកប្រើប្រាស់ទូទាំងពិភពលោក មាននរណាមិនចង់បាន?

វិទ្យុមិត្តភាពកម្ពុជាចិន