(បែរឡាំង)៖ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ក្នុងប្រទេសអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះ អំពីការផ្អាកជើងហោះហើរទៅកាន់ទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់ ដោយសារតែស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងប្រុងជើងការ ជុំវិញការព្រមានសងសឹករបស់អ៉ីរ៉ង់ ទៅនឹងការវាយប្រហារតាមផ្លូវអាកាសលើអគារកុងស៊ុល ក្នុងស្ថានទូតអ៉ីរ៉ង់ប្រចាំប្រទេសស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០២៤។

ជើងហោះហើរទៅកាន់ និងចេញពីទីក្រុងតេហេរ៉ង់ អាចបន្តផ្អាកមកដល់ថ្ងៃទី១១ ខែមេសា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Lufthansa បានប្រាប់ Reuters ថា «យើងកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនៅឯតំបន់មជ្ឈិមបូព៌ា ហើយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ។ សុវត្ថិភាពនៃភ្ញៀវ និងក្រុមការងារគឺជាអាទិភាពរបស់ Lufthansa»។

ដំបូងឡើយ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៉ីរ៉ង់ បានចេញផ្សាយដំណឹងជាភាសាអារ៉ាប់នៅលើបណ្តាញសង្គម X ថា ដែនអាកាសទាំងអស់នៅលើទីក្រុងតេហេរ៉ង់ ត្រូវបានបិទសម្រាប់ការរៀបចំសមយុទ្ធយោធា។ បន្ទាប់មកក៏បានលុបចេញវិញ ហើយបដិសេធថាខ្លួនមិនបានចេញផ្សាយព័ត៌មានបែបនេះទេ។ បណ្តាប្រទេសនៅក្នុងតំបន់ និងសហរដ្ឋអាមេរិក កំពុងតាមដានលើលទ្ធភាព នៃការឆ្លើយតបរបស់អ៉ីរ៉ង់ ចំពោះការវាយប្រហារមួយ ដែលយន្តហោះចម្បាំងអ៉ីស្រាអែលសង្ស័យថា បានទម្លាក់គ្រាប់បែកលើបរិវេណស្ថានទូតអ៉ីរ៉ង់ នៅក្នុងប្រទេសស៉ីរី។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុន Lufthansa ធំនៅអាល្លឺម៉ង់ហើយនោះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសអូទ្រីស គឺ Austrian Airlines ក៏បានផ្អាកប្រតិបត្តិការហោះហើរអន្តរជាតិ ទៅកាន់ទីក្រុងតេហេរ៉ង់ ផងដែរ៕