(តៃប៉ិ)៖ អតីតមេដឹកនាំតៃវ៉ាន់ លោក Ma Ying-jeou បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កោះតៃវ៉ាន់និងប្រទេសចិន អាចដោះស្រាយបញ្ហាខ្វែងគំនិតគ្នា ដោយសន្តិវិធីបាន ដ្បិតប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មានវប្បធម៌ក៏ដូចជាប្រវត្តិសាស្រ្តរួមគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

លោក Ma ដែលធ្លាប់កាន់តួនាទីជាមេដឹកនាំតៃវ៉ាន់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ បានក្លាយជាអតីតមេដឹកនាំដំបូងបំផុតរបស់ដែនកោះនេះ ដែលបានទៅបំពេញទស្សនកិច្ច នៅប្រទេសចិន កាលពីឆ្នាំមុន។ ចំណែក កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Ma បានជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង ជាលើកទី២ ក្រោយជំនួបកំពូលនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ នៅពេលដែលលោក Ma នៅមានតំណែងជា មេដឹកនាំ​របស់តៃវ៉ាន់នៅឡើយ។ ជំនួបឆ្នាំ២០១៥នោះ គឺជាលើកដំបូងបង្អស់ ដែលមេដឹកនាំចិននិងតៃវ៉ាន់ បានជួបមុខគ្នា ចាប់តាំងពីសង្រ្គាមស៉ីវិល​បញ្ចប់ទៅ កាលពីឆ្នាំ១៩៤៩។

ថ្លែងក្នុងឱកាសត្រឡប់មកពីទីក្រុងប៉េកាំងវិញ លោក Ma បានលើកឡើងថា រូបលោកសង្ឃឹម មនុស្សជំនាន់ក្រោយៗនៅកោះតៃវ៉ាន់ នឹងអាចដាក់បញ្ហាមនោគមវិជ្ជាឱ្យនៅមួយឡែក ហើយទទួលស្គាល់ចំណងទាក់ទងផ្នែកវិប្បធម៌ ក៏ដូចជាប្រវត្តិសាស្រ្តរវាងតៃវ៉ាន់និងចិន។ លោក Ma បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺជនជាតិចិននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អាចដោះស្រាយទំនាស់ដោយសន្តិវិធីបាន»

គួរបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ខ្លួន ហើយបានបង្កើនការដាក់សម្ពាធជាខ្លាំង ទាំងតាមផ្នែកការទូតនិងផ្នែកយោធា លើរដ្ឋាភិបាលទីក្រុងតៃប៉ិ។ បើតាមលក្ខខណ្ឌរបស់ទីក្រុងប៉េកាំង សម្រាប់ការចាប់ផ្តើមកិច្ចសន្ទនា គឺចាំបាច់ត្រូវទទួលស្គាល់ថាចិននិងតៃវ៉ាន់ ស្ថិតក្រោមកម្មសិទ្ធិនៃ «ចិនតែមួយ» ខណៈមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន លោកស្រី Tsai Ing-wen ដែលបានឡើងកាន់អំណាចបន្តពី​លោក Ma បានបដិសេធមិនព្រមធ្វើបែបនោះឡើយ។ រីឯមេដឹកនាំតៃវ៉ាន់ជាប់ឆ្នោតថ្មី លោក Lai Ching-te ដែលមកពីបក្សកាន់អំណាចបច្ចុប្បន្ន ក៏ប្រកាន់ជំហរដូចគ្នាដែរ ហើយត្រូវចិនចាត់ទុក ជាបុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់៕