(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងកម្លាំងរុស្ស៉ីបានបាញ់មីស៉ីលជាង ៤០គ្រាប់ និងយន្តហោះដ្រូនជាង ៤០គ្រឿង មកលើប្រទេសរបស់លោក កាលពីវេលាយប់កន្លងទៅ ដោយសាជាថ្មីម្តងទៀតត្រូវចំទីក្រុង Kharkiv ហើយមានគោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅពាសពេញអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

រដ្ឋាភិបាលទីក្រុងកៀវបានរាយការណ៍ អំពីការវាយប្រហារទ្រង់ទ្រាយធំ មកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ប៉ុន្តែបាននិយាយថា គិតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សបាត់បង់ជីវិតនៅឡើយទេ។ ចំណែក លោក ហ្សេលេនស្គី បានបង្ហោះសារលើប្រព័ន្ធ X ថា កាលពីយប់កន្លងទៅនេះ រុស្ស៉ីបានបាញ់មីស៉ីលសរុបជាង៤០គ្រាប់ និងយន្តហោះដ្រូនជាង៤០គ្រឿង មកលើអ៊ុយក្រែន ខណៈមីស៉ីល​និងដ្រូនទាំងនោះ មួយចំនួនត្រូវបានបាញ់ទម្លាក់។

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា ទីក្រុងនិងតំបន់ Kharkiv បានរងការវាយប្រហារសាជាថ្មីម្តងទៀត។ ទីក្រុង Kharkiv ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រូវបានរុស្ស៉ីកំណត់គោលដៅវាយប្រហារ ហើយពេលខ្លះបង្កឱ្យមានមនុស្សស្លាប់។ បើតាមលោក ហ្សេលេនស្គី ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ត្រូវបានកំណត់គោលដៅវាយប្រហារ ផងដែរ នៅតំបន់រដ្ឋធានីកៀវ ព្រមទាំងទីក្រុង Zaporizhzhia និង Odesa នៅភាគខាងត្បូង រួមជាមួយទីក្រុង Lviv នៅភាគខាងលិច។

គួរបញ្ជាក់ អំឡុងពេលប៉ុន្មានខែមកនេះ រុស្ស៉ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាស ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ស្របពេលដែលលោក ហ្សេលេនស្គី បានអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច កុំឱបដៃឈរមើល ហើយជួយផ្តល់ប្រព័ន្ធការពារអាកាសបន្ថែម។ ដោយឡែក ទន្ទឹមគ្នានេះ រុស្ស៉ីក៏បានអះអាងថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះដ្រូនអ៊ុយក្រែន ១២គ្រឿងផងដែរ កាលពីវេលាយប់កន្លងទៅ ខណៈអ៊ុយក្រែនបានប្រើប្រាស់ដ្រូន វាយប្រហារតបតលើរុស្ស៉ី ប៉ុន្មានខែមកហើយ៕