(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្យកុម្មុយនីស្តចិន បានជួបសន្ទនាជាមួយ គណៈប្រតិភូតំបន់តៃវ៉ាន់ ប្រទេសចិន ដែលដឹកនាំដោយលោក Ma Yingjiu នៅក្រុងប៉េកាំងប្រទេសចិន នៅរសៀល ថ្ងៃទី១០ ខែមេសា។

លោក Xi Jinping បានថ្លែងថា បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រជាជាតិចិនតែមួយ។ គម្លាតនៃច្រកសមុទ្រមិនអាចកាត់ផ្តាច់មនោសញ្ចេតនាជាសាច់ឈាមតែមួយរបស់បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នោះទេ។ របបនយោបាយខុសគ្នាមិនអាចកែប្រែការពិត និងសត្យានុម័តដែលត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសតែមួយ និង ជាប្រជាជាតិតែមួយនោះដែរ។ ការច្រៀតជ្រែកពីខាងក្រៅមិនអាចរារាំង និន្នាការប្រវត្តិសាស្រ្តបង្រួបបង្រួមជាតិបានទេ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ជនរួមជាតិនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់មានខ្សែលោហិតរួម វប្បធម៌រួម និងប្រវត្តិសាស្រ្តរួម សំខាន់គឺពួកយើងមានទំនួលខុសត្រូវរួម ចំពោះប្រជាជាតិ និងមានការរំពឹងទុករួមចំពោះថ្ងៃអនាគត ។ យើងត្រូវក្តាប់ជាប់ស្ថានការណ៍ទូទៅស្តីពីទំនាក់ទំនង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដោយឈរលើ ផលប្រយោជន៍រួមនិងការអភិវឌ្ឍរយៈពេលយូរ របស់ប្រជាជាតិចិន។ លោកបានលើកឡើងអនុសាសន៍៥ចំណុច៖ ទី១ ប្រកាន់ខ្ជាប់ នូវការការពារផ្ទះរួមរបស់ប្រជាជាតិចិន។ ទី២ ប្រកាន់ខ្ជាប់នូវការបង្កើតសុខុមាលភាពយូរអ្វែងរបស់ប្រជាជាតិចិន។
ទី៣ ប្រកាន់ខ្ជាប់នូវការសម្រេចស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិន។

ជាការឆ្លើយតប លោក Ma Yingjiu បានថ្លែងថា ការប្រកាន់ខ្ជាប់ "គំនិតឯកភាពរួមឆ្នាំ១៩៩២" និងប្រឆាំង “តៃវ៉ាន់ឯករាជ្យ ” គឺជាមូលដ្ឋាននយោបាយរួមនៃការអភិវឌ្ឍ ដោយសន្តិភាពនូវទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់។ ប្រជាជននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជាប្រជាជាតិតែមួយ ជាកូនចៅរបស់អធិរាជ Yan និង Huang ត្រូវធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រួមគ្នាបន្តវេនវប្បធម៌ប្រជាជាតិចិន លើកកម្ពស់សុខុមាលភាពរបស់ បងប្អូនជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ពួតដៃគ្នាដើរទៅមុខ ខិតខំប្រឹងប្រែងស្តារភាពរុងរឿងរបស់ ប្រជាជាតិចិនឡើងវិញ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន