(ប៉េកាំង)៖ កាលពីថ្ងៃទី៩ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកLavrovរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនៅក្រុងប៉េកាំង។

លោក Xi Jinping បានថ្លែងថា ប្រទេសចិនគាំទ្រប្រជាជនរុស្ស៊ីដើរតាមផ្លូវអភិវឌ្ឍន៍ ដែលស្របតាមស្ថានការណ៍ជាតិរបស់រុស្ស៊ី គាំទ្រប្រទេសរុស្ស៊ីវាយបង្ក្រាបភេរវកម្មនិយម និងគាំពារសន្តិសុខនិងស្ថិរភាពសង្គម។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ជាប់រហូតចំពោះ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរុស្ស៊ី រីករាយរួមជាមួយប្រទេសរុស្ស៊ី ក្នុងការធ្វើឱ្យការប្រាស្រ័យទាក់ទងទ្វេភាគី មានភាពជិតស្និទ្ធ បង្កើនកិច្ចសហការជាយុទ្ធសាស្រ្តពហុភាគី ដូចជាយន្តការប្រទេស BRICS និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ដើម្បីជំរុញកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

ជាការឆ្លើយតប លោក Lavrov បានថ្លែងថា គោលការណ៍ណែនាំជាអាទិភាពនៃគោលនយោបាយចំពោះបរទេសរបស់ប្រទេសរុស្ស៊ី គឺពង្រឹងនិងលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយ នូវទំនាក់ទំនងជាមួយប្រទេសចិន។ ប្រទេសរុស្ស៊ីរីករាយរួមជាមួយប្រទេសចិន ក្នុងការអនុវត្តដោយយកចិត្តទុកដាក់ នូវគំនិតឯកភាពរួមរបស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បង្កើនកិច្ចសហការទ្វេភាគីនិងពហុភាគី ព្រមទាំងធ្វើការជាមួយប្រទេស “សកលខាងត្បូង”ផ្សេងទៀត ដើម្បីបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការជំរុញការបង្កើត សណ្តាប់ធ្នាប់អន្តរជាតិដែលកាន់តែមានសមភាពនិងយុត្តិធម៌៕

វិទ្យុមិត្តភាពកម្ពុជាចិន