(វ៉ាស៉ីនតោន)៖ ឧត្តមសេនីយ៍កំពូលមួយរូបរបស់សហរដ្ឋអាមេរិក ប្រចាំនៅអឺរ៉ុប បានប្រាប់សភាកាលពីថ្ងៃពុធសប្តាហ៍នេះថា អ៊ុយក្រែននឹងអស់គ្រាប់កាំភ្លើងធំ និងមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស នៅក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើគ្មានជំនួយពីសហរដ្ឋអាមេរិក ដែលនេះអាចនឹងធ្វើឱ្យពួកគេត្រូវប្រឈមនឹង បរាជ័យមួយផ្នែក ឬទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០២៤។

មេបញ្ជាការនៃទីបញ្ជាការអឺរ៉ុប លោកនាយឧត្តមសេនីយ៍ Christopher Cavoli បានប្រាប់គណៈកម្មាធិការសេវាយោធា នៃព្រឹទ្ធសភាអាមេរិកថាដោយសារតែខ្វះខាត អាវុធមួយចំនួន បច្ចុប្បន្ននៅពេលរុស្ស៉ីបាញ់គ្រាប់កាំភ្លើងធំ ៥គ្រាប់ អ៊ុយក្រែនអាចបាញ់គ្រាប់កំាភ្លើងធំតែ ១គ្រាប់ប៉ុណ្ណោះតបតទៅវិញ ហើយអតុល្យភាពនេះអាច នឹងឈានទៅដល់ការបាញ់១០គ្រាប់ ទល់នឹង១គ្រាប់ ក្នុងប៉ុន្មានសប្តាហ៍ទៀត។ លោក Cavoli បញ្ជាក់ថា «ប្រសិនបើភាគីម្ខាងមានសមត្ថភាពបាញ់ផ្លោង ហើយ ភាគីម្ខាងទៀតមិនអាចបាញ់តបតវិញបាន នោះភាគីដែលមិនអាចបាញ់តបវិញបាន ប្រាកដជាចាញ់។ ដូច្នេះហានិភ័យគឺខ្ពស់ណាស់។ ពួកគេពឹងផ្អែកលើយើង ខ្លាំងណាស់នៅឆ្នាំនេះ ហើយបើគ្មានការជួយជ្រោមជ្រែងពីយើងទេ ពួកគេនឹងមិនអាចយកឈ្នះបានឡើយ»

គួរបញ្ជាក់ថា ខណៈសភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនៅតែបន្តរាំងខ្ទប់ការផ្ដល់ជំនួយយោធាទំហំ ៦០ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតអ៊ុយក្រែន ដោយកាលពីខែមុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថាអាយុជីវិតជាតិរបស់អ៊ុយក្រែនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់៕