(វ៉ាស៉ីនតោន)៖ ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា ហ្វីលីពីនកំពុងសម្លឹងរកកិច្ចព្រមព្រៀងវិនិយោគដែលមានតម្លៃ ១០០ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខពីកិច្ចប្រជុំត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០២៤។

ការិយាល័យប្រធានាធិបតី បានដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក Jose Manual Romualdez ដែលបាននិយាយថា ការវិនិយោគនេះនឹងគ្របដណ្តប់លើវិស័យផ្សេងៗគ្នា រួមទាំងថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ លោក Romualdez បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងនិយាយពីការវិនិយោគ ១០០ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ទៅ ១០ឆ្នាំខាងមុខ»។

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វលីពីន លោក Ferdinand Marcos Jr កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៉ីនតោន សម្រាប់កិច្ចប្រជុំត្រីភាគីលើកដំបូង ជាមួយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា៕