(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាអស្ថិរភាពនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅជុំវិញប្រទេសរបស់លោក គឺមាន ន័យថាបច្ចុប្បន្នជាពេលដែលត្រូវត្រៀមលក្ខណៈសម្រាប់សង្រ្គាមខ្លាំងជាងពេលណាៗទាំងអស់ ខណៈរូបលោកចុះធ្វើអធិការកិច្ចទៅកាន់សាកលវិទ្យាល័យ យោធាដ៏សំខាន់របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសានេះ បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានផ្ដល់ការណែនាំជាច្រើននៅឯ សាកលវិទ្យាយោធា និងនយោបាយ Kim Jong Il។ លោក គីម បានប្រាប់បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យនេះដូច្នេះថា «ប្រសិនបើសត្រូវជ្រើសរើស យកការប្រឈមមុខដោយយោធាជាមួយកូរ៉េខាងជើង នោះកូរ៉េខាងជើងនឹងកម្ទេចពួកគេដោយមិនមានការស្ទាក់ស្ទើរឡើយ ជាមួយការប្រើប្រាស់គ្រប់ មធ្យោបាយទាំងអស់ដែលខ្លួនមាន»។

តាម KCNA ដោយសារតែភាពមិនច្បាស់លាស់នៃស្ថានការណ៍យោធា និងនយោបាយនៅជុំវិញកូរ៉េខាងជើង លោក គីម បាននិយាយថាបច្ចុប្បន្នគឺជាពេល ដែលត្រូវត្រៀមលក្ខណៈសម្រាប់សង្រ្គាមខ្លាំងជាងពេលណាៗទាំងអស់។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាកំពុងបង្កភាពតានតឹងយោធានៅលើឧបទ្វីបកូរ៉េតាមរយៈការធ្វើ សមយុទ្ធយោធារួមគ្នា ដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការត្រៀមលក្ខណៈវាយប្រហារលើទីក្រុងព្យុងយ៉ាង៕