(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានបញ្ចេញផែនការដ៏ធំមួយមិនធ្លាប់មាន ដើម្បី ធ្វើបច្ចុប្បន្នភាពទំនាក់ទំនងយោធារវាងប្រទេសទាំង២ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក គីស៊ីដា នៅឯសេតវិមានដែលផ្តោតលើការទប់ទល់ការកើនឡើងឥទ្ធិពលចិន ក្នុងតំបន់ និងប្រឈមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

លោក បៃដិន បានក្រាលកម្រាលព្រំក្រហម រៀបចំពិធីលាងសាយភោជន៍ និងការច្រៀងចម្រៀងដោយតារាចម្រៀងអាមេរិក Paul Simon ជាការទទួលស្វាគមន៍លោក គីស៊ីដា នៅឯសេតវិមានជាទីដែលលោក បៃដិន បានបញ្ជាក់ពីសារៈសំខាន់របស់ជប៉ុន ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់ជាមួយទីក្រុងប៉េកាំង នៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក។

មេដឹកនាំនៃប្រទេសទាំង២ ក៏បានឯកភាពគ្នាផងដែរថាអ្នកអវកាសជប៉ុននឹងក្លាយជាអ្នកអវកាសមិនមែនជាជនជាតិអាមេរិកដំបូងបំផុត ដែលនឹងត្រូវចុះចតនៅលើឋានព្រះចន្ទ នៅពេលអនាគត។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី១០ ខែមេសា (ម៉ោងនៅវ៉ាស៊ីនតោន) រួមជាមួយលោក គីស៊ីដា នៅឯសួនច្បារសេតវិមាន White House Rose Garden លោក ចូ បៃដិន ដែលមានវ័យ៨១ឆ្នាំ បានគូសបញ្ជាក់ដូច្នេះថា «នេះគឺជាការធ្វើបច្ចុប្បន្នភាពយោធាដ៏មានសារៈសំខាន់បំផុតនៅក្នុងសម្ព័ន្ធភាពរបស់យើង ចាប់តាំងពី ត្រូវបានបង្កើតឡើងមក»

គួរបញ្ជាក់ថា តាមផែនការ សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃទីបញ្ជាការយោធាអាមេរិកក្នុងប្រទេសជប៉ុន ហើយដែលនេះនឹងក្លាយជា ការផ្លាស់ប្ដូរធំបំផុត គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក ក្នុងគោលបំណងធ្វើឱ្យកងទ័ពអាមេរិក និងជប៉ុនអាចធ្វើសកម្មភាពរួមគ្នាយ៉ាងលឿនរហ័ស ក្នុងករណីមាន ការគំរាមកំហែងណាមួយ តួយ៉ាងប្រសិនបើចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីក៏នឹងបង្កើត បណ្ដាញប្រព័ន្ធការពារ ដែនអាកាសរួមមួយផងដែរ ខណៈចក្រភពអង់គ្លេសនឹងចូលរួមក្នុសមយុទ្ធយោធាជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ៕