(សេអ៊ូល)៖ គណបក្សប្រឆាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី១០ ខែមេសា ហើយដែលនេះនឹងបង្កការលំបាកដល់លោកប្រធានាធិបតី យូន ស៊ុកយុល និងគណបក្សអភិរក្សនិយមរបស់លោកនៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។

តាមគណៈកម្មការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង គណបក្សប្រជាធិបតេយ្យ (DP) ទទួលបានអាសនៈចំនួន ១៧០ នៅក្នុងចំណោមអាសនៈសរុប ៣០០ ខណៈ សន្លឹកឆ្នោតរាប់បាន៩៩ភាគរយ គិតត្រឹមម៉ោង ៥៖៥៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅសេអ៊ូល)។ ចំណែក គណបក្សអំណាចប្រជាជន (PPP) របស់លោក យូន ស៊ុកយុលទទួលបានអាសនៈត្រឹមជាង ១០០ប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាបែបនេះក្ដី ជាមួយសំឡេង ១០០អាសនៈនេះ លោក យូន និងគណបក្សរបស់លោកអាចរារាំងមិនឱ្យ គណបក្សប្រឆាំងមានសំឡេង ២ភាគ៣ ដែលអាចប្រឆាំងការវេតូរបស់ប្រធានាធិបតី និងបោះឆ្នោតអនុម័តលើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា បរាជ័យនៃគណបក្សរបស់លោក យូន ក្នុងការបោះឆ្នោតសភាកូរ៉េខាងត្បូង ត្រូវបានក្រុមអ្នកវិភាគខ្លះចាត់ទុកថាជាការបោះឆ្នោតប្រជាមតិមួយចំពោះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាពពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាសេដ្ឋកិច្ចមិនបានល្អ និងរឿងអាស្រូវពាក់ព័ន្ធនឹង ភរិយារបស់លោកទទួលអំណោយជាកាបូបយួរដៃម៉ាក Dior៕