(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី១០ ខែមេសា បានសន្យាផ្ដល់ការគាំទ្រយ៉ាងរឹងមាំចំពោះអ៉ីស្រាអែល ខណៈអ៉ីរ៉ង់គំរាមសងសឹក ជុំវិញការវាយប្រហារតាមផ្លូវអាកាសលើស្ថានកុងស៊ុលមួយរបស់អ៉ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរីដែលសម្លាប់ឧត្តមសេនីយ៍អ៉ីរ៉ង់ ២នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការសន្យារបស់លោក បៃដិន ធ្វើឡើងបើទោះជាលោកផ្ទាល់កំពុងរិះគន់ជាសាធារណៈលើនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេយ៉ាហ៊ូ ក៏ដោយ ពាក់ព័ន្ធនឹង ការកើនឡើងចំនួនជនស៊ីវិលស្លាប់ នៅក្នុងសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ជាពិសេសក្រោយការវាយប្រហាររបស់យោធាអ៉ីស្រាអែល ដែលបានសម្លាប់ បុគ្គលិកមនុស្សធម៌ ៧នាក់ ក្នុងតំបន់ហ្កាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់កំពុងគំរាមធ្វើការ សងសឹកលើអ៉ីស្រាអែល...ហើយដូចដែលខ្ញុំបានប្រាប់លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ការប្ដេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខអ៉ីស្រាអែលប្រឆាំងនឹងការគំរាមកំហែង ពីអ៉ីរ៉ង់ និងក្រុម proxies របស់អ៉ីរ៉ង់ គឺរឹងមាំជាទីបំផុត»

គួរបញ្ជាក់ថា ក្រុមម​ន្ត្រីអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះលទ្ធភាពដែលអ៉ីរ៉ង់ អាចនឹងសងសឹកប្រឆាំងនឹងផលប្រយោជន៍អ៉ីស្រាអែល បន្ទាប់ពីអ៉ីស្រាអែលកាលពី ថ្ងៃទី១ ខែមេសាកន្លងទៅ បានកម្ទេចអគារស្ថានកុងស៊ុលមួយរបស់អ៉ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍ជាន់ខ្ពស់អ៉ីរ៉ង់២នាក់។ ចំពោះមុខការគំរាមកំហែងសងសឹករបស់អ៉ីរ៉ង់ដែរ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានប្រកាសកាលពីថ្ងៃពុធថាខ្លួនសម្រេចផ្អាកការហោះហើរទៅ និងមក ទៅកាន់ទីក្រុងតេហេរ៉ង់ ហើយអាចនឹងបន្តផ្អាកដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារស្ថានការណ៍បច្ចុប្បន្ននៅមជ្ឈិមបូព៌ា៕