(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់អតីតមេដឹកនាំតៃវ៉ាន់​ លោក Ma Ying-jeou នៅថ្ងៃពុធ ទី១០ ខែមេសានេះថាគ្មាននរណាម្នាក់ អាចរារាំង «ការបង្រួបបង្រួមគ្រួសារ» រវាងភាគីទាំង២ នៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់បាននោះទេ ហើយក៏គ្មានបញ្ហាណាមួយដែលមិនអាចពិភាក្សាគ្នាបាននោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ស៊ី ជីនពីង ធ្វើការកត់សម្គាល់ខាងលើប្រាប់លោក Ma នៅក្នុងកិច្ចប្រជុំមួយរៀបចំឡើងនៅឯសាលវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង នាឱកាសដែល អតីតមេដឹកនាំតៃវ៉ាន់រូបនេះធ្វើទស្សនកិច្ចក្នុងប្រទេសចិន។ តាមលោក ស៊ី ជីនពីង «គ្មានកម្លាំងខាងក្រៅណាមួយអាចរារាំងទំនោរជាប្រវត្តិសាស្ត្រនៃការបង្រួបបង្រួម ប្រទេស និងគ្រួសារចិន និងតៃវ៉ាន់បានឡើយ។ លោកក៏មិនបានបញ្ជាក់អ្វីលម្អិតនោះទេ តែគេដឹងថាកម្លាំងខាងក្រៅដែលចិនតែងតែលើកឡើង គឺចង់សំដៅទៅលើ បណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺ សហរដ្ឋអាមេរិកតែម្ដង។

គួរបញ្ជាក់ថា លោក Ma ធ្លាប់ធ្វើជាមេដឹកនាំតៃវ៉ាន់ កាលពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ និងតំណាងឱ្យគណបក្ស Kuomintang (KMT) ដែលមាននិន្នាការ ចង់ធ្វើឱ្យទំនាក់ទំនង មានភាពប្រសើរឡើងជាមួយចិន៕