(ហ្សឺណែ​វ)៖ ប្រធានាធិ​បតីអាមេរិក លោក ចូ បៃដិន ត្រូវបានរំពឹងថានឹងមានវត្តមានចូលរួម នៅឯសន្និសីទកម្រិតខ្ពស់មួយស្ដីពីសន្តិភាពនៅអ៊ុយក្រែន ដែល គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសស្វីស នៅពាក់កណ្ដាលខែមិថុនាខាងមុខ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយស្វីស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

សន្និសីទស្ដីពីសន្តិភាពនៅអ៊ុយក្រែនមិនទាន់ត្រូវបានកំណត់កាលបរិច្ឆេទឱ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែបណ្ដាប្រព័ន្ធផ្សាយជាច្រើនបានរាយការណ៍ថា អាចនឹងធ្វើឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនាខាងមុខ។ មួយវិញទៀត លិខិតអញ្ជើញជាផ្លូវការក៏មិនទាន់ត្រូវបានផ្ញើនោះដែរ ប៉ុន្តែសារព័ត៌មានស្វីស NZZ បានដកស្រង់សម្ដីប្រភពដែលគួរឱ្យទុកចិត្តបាន ជាមួយការបញ្ជាក់ថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន អាចនឹងមានវត្តមានចូលរួមក្នុងសន្និសីទ នេះដែរ រួមជាមួយមេដឹកនាំ និងអ្នកតំណាងមកពីប្រទេសជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៤ ​ប្រទេសស្វីសបានប្រកាសថាខ្លួនបានយល់ព្រមថានឹងរៀបចំសន្និសីទមួយឡើង បន្ទាប់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បំពេញទស្សនកិច្ចក្នុងប្រទេសស្វីស។ នៅពេលនោះដែរ លោក ហ្សេលេនស្គី បាននិយាយថាកិច្ចប្រជុំកំពូលណាមួយស្ដីពីសន្តិភាព នៅអ៊ុយក្រែន នឹងមិនមានវត្តមានចូលរួមរបស់រុស្ស៉ីនោះទេ ហើយកិច្ចប្រជុំទៀតសោត នឹងត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍១០ចំណុច នៃផែនការសន្តិភាពរបស់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន៕