(ប៉េកាំង)៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅប្រទេសចិននៅថ្ងៃទី ៩ ខែមេសា ។ លោកស្រីគឺជាសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកដំបូងគេបង្អស់ ដែលបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំនេះ ហើយលើកនេះក៏ជាដំណើរទស្សនកិច្ច នៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៩ ខែ ផងដែរ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូរ ក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់និងច្រើនវិស័យ ដោយបានឯកភាពគ្នាថា ត្រូវរួមគ្នាអនុវត្តឱ្យបានល្អ នូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ហើយបានឈានដល់គំនិតឯកភាពរួមថ្មី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ។ លោកស្រី Janet Yellen បានថ្លែងថា ភាគីទាំងពីរ សហរដ្ឋអាមេរិកនិងចិន"គួរតែគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដោយមានទំនួលខុសត្រូវ" ហើយបានរំលឹកឡើងវិញថា ភាគីអាមេរិកមិនស្វែងរកការ "ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច" ជាមួយប្រទេសចិននោះទេ។

សូមបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិកគឺជាអង្គភាពសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក។ ជានិច្ចកាល ប្រទេសចិនតែងតែសម្គាល់ឃើញថា ធាតុពិតនៃកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយក៏បានខិតខំប្រឹងប្រែងបោះជំហានទៅកាន់ ទិសដៅនេះជាប់រហូតមក ។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានដើរស្របគោលដៅជាមួយប្រទេសចិននោះទេ ហើយមិនបានទទួលរ៉ាប់រងកាតព្វកិច្ចរបស់ខ្លួនចំពោះប្រជាជនរបស់ប្រទេសខ្លួននិងពិភពលោកឡើយ ទង្វើរបស់អាមេរិកអ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់រួចហើយ។

បំណាច់ជាលើកនេះលោកស្រី Janet Yellen បានថ្លែងអំពីការ "រ៉ាបរងទំនួលខុសត្រូវ" បើនិយាយចំពោះសហរដ្ឋអាមេរិក មានសន្ទស្សន៍ប៉ុន្មានអាចយកវាយតម្លៃបាន។ ទីមួយ មិនគួរធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយជាបញ្ហានយោបាយនោះទេ ហើយក៏មិនគួរបង្កើត"អសន្តិសុខ"ដោយយកបញ្ហា"សន្តិសុខ"ធ្វើជាលេសនោះដែរ។ សហរដ្ឋអាមេរិកគួរតែដឹងច្បាស់ថា ប្រសិនបើមិនកែប្រែមាគ៌ាទម្លាប់នៃការធ្វើឱ្យទស្សនៈសន្តិសុខជាតិទៅជារឿងទូទៅទេ នោះ វាប្រហែលពិបាកក្នុង ការជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាមេរិកដើរលើគន្លងផ្លូវត្រឹមត្រូវណាស់។

ដោយឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាមេរិកគួរតែធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ច និងក្បួនច្បាប់ទីផ្សារ។ នាពេលមុននេះមិនជាយូរប៉ុន្មាន មន្ត្រីជាន់ខ្ពស់នៃសហគ្រាសអាមេរិក ជាច្រើនបានបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិក ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ជាដើមបាននាំគ្នាថ្លែងថា នឹងបន្តបង្កើនការវិនិយោគនៅក្នុងប្រទេសចិន និងបន្តធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត នេះជាជម្រើសចំពោះទីផ្សាររបស់សហគ្រាស។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោកស្រី Janet Yellen ក៏បានលើកឡើងពីអ្វីដែលហៅថា ឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិន មានបញ្ហាអតិរេកផ្នែកផលិតភាព ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ក្នុងវិស័យថាមពលថ្មី គ្រាន់តែដោយសារប្រទេសចិនបានផ្តល់ផលិតភាព ដែលមានគុណភាពខ្ពស់ កាន់តែច្រើនជាងសហរដ្ឋអាមេរិក ក៏ដូចជាកាន់តែមានប្រជាប្រិយភាពពីសំណាក់ពិភពលោក បានជាសហរដ្ឋអាមេរិកក៏បានធ្វើការសន្និដ្ឋានថាជា "បញ្ហាអតិរេកផ្នែកផលិតភាព" ដែលឆ្លុះបញ្ចាំងពីគំនិតអនុត្តរភាពនិយមរបស់អាមេរិក។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើ គឺ គោរពតាមក្រឹត្យក្រមសេដ្ឋកិច្ច និងលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ខ្លួន តែមិនមែនបានប្រឌិតប្រធានបទដ៏ខុសឆ្គង ដូចជា "បញ្ហាអតិរេកផ្នែកផលិតភាព" ដើម្បីអនុវត្តការប្រកួតប្រជែងអយុត្តិធម៌នោះឡើយ។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោកស្រី Janet Yellen បានបញ្ជាក់នៅទីក្រុងក្វាងចូវនិងទីក្រុងប៉េកាំងថា អាមេរិកមិនស្វែងរកការ "ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច" ជាមួយប្រទេសចិននោះទេ ប្រទេសចិនសម្តែង ការស្វាគមន៍ចំពោះការនេះ ហើយក៏សង្ឃឹមផងដែរថា ភាគីអាមេរិកនឹងអនុវត្តយ៉ាងប្រាកដប្រជា នូវពាក្យសន្យាស្តីពីការមិនស្វែងរកការ "ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច" ក្នុងន័យគាំពារផលប្រយោជន៍និងសុខមាលភាព របស់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក។

ឆ្នាំនេះគឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាមេរិក។ បទពិសោធកន្លងទៅបានបញ្ជាក់ថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន និងអាមេរិកមានការរួមបញ្ជូលគ្នាយ៉ាងស៊ីជម្រៅ ការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មមិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់ កំណើនសេដ្ឋកិច្ចសកលផងដែរ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាងចិន និងអាមេរិកឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព យើងរំពឹងថា សហរដ្ឋអាមេរិកអាចដើរស្របតាមទិសដៅ ជាមួយចិនកាន់តែច្រើនឡើងៗ ក៏ដូចជាសម្រេចបាននូវពាក្យសន្យារបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែងដើម្បីជំរុញ ការអនុវត្តយ៉ាងប្រាកដប្រជានូវ "ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ"។ តើសហរដ្ឋអាមេរិកអាចរ៉ាប់រង ទំនួលខុសត្រូវរបស់ខ្លួនយ៉ាងពិតប្រាកដឬអត់ ពិភពលោកទាំងមូលកំ ពុងទន្ទឹងរង់ចាំខ្លាំងណាស់៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជា