(វ៉ាស៉ីនតោន)៖ ក្នុងបទសម្ភាសមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា គោលនយោបាយតំបន់ហ្កាហ្សា របស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) គឺជាកំហុសមួយ ហើយលោកបានទទូចឱ្យអ៉ីស្រាអែល ប្រកាសស្វែងរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។

លោក បៃដិន បាននិយាយដូច្នេះថា «ខ្ញុំយល់ថាអ្វីដែលលោក Netanyahu បាននិងកំពុងតែធ្វើ គឺជាកំហុសមួយ។ ខ្ញុំពុំយល់ស្របជាមួយ​វិធីសាស្រ្តដោះស្រាយវិបត្តិ របស់លោក Netanyahu ឡើយ»។ លោក បៃដិន បានលើកឡើងបែបនេះ នៅពេលត្រូវបានសាកសួរ អំពីរបៀបដែលលោក Netanyahu ដោះស្រាយវិបត្តិសង្រ្គាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សា។ លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា «ដូច្នេះហើយអ្វីដែលខ្ញុំ​ចង់អំពាវនាវ នោះគឺឱ្យអ៉ីស្រាអែលប្រកាសស្វែងរកបទឈប់បាញ់ សម្រាប់រយៈពេល៦ ទៅ៨សប្តាហ៍ ខាងមុខ ហើយបើកទូលាយទាំងស្រុង​ចំពោះ ការនាំយកជំនួយស្បៀងអាហារនិងថ្នាំពេទ្យ ចូលទៅហ្កាហ្សា»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Biden គឺជាការរិះគន់ដ៏ធ្ងន់មួយ គិតមកទល់ពេលនេះ ចំពោះលោក Netanyahu ស្របពេល​ដែលភាពតានតឹងបន្តកើនឡើង ជុំវិញចំនួនជនស៉ីវិលដែលបានស្លាប់ ក្នុងសង្រ្គាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស ព្រមទាំង​ស្ថានភាពដ៏យ៉ាប់យ៉ឺន នៅក្នុងតំបន់ហ្កាហ្សា។ ការទទូចឱ្យមានបទឈប់បាញ់ខាងលើ ក៏ហាក់បង្ហាញពីការផ្លាស់ប្តូរ ពីការអត្ថាធិប្បាយពេលមុនៗ របស់លោកផងដែរ ដែលកាលនោះ លោក បៃដិន បាននិយាយថា បន្ទុកគឺស្ថិតនៅលើក្រុមហាម៉ាស ដើម្បីយល់ព្រមចំពោះ​បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។

បទសម្ភាសនេះ គូសបញ្ជាក់ឱ្យឃើញពីការប្រែប្រួល នៃគោលនយោបាយអ៉ីស្រាអែលរបស់លោក បៃដិន គិតចាប់តាំងពីយោធាអ៉ីស្រាអែល បានសម្លាប់បុគ្គលិកជំនួយ របស់អង្គការមនុស្សធម៌ World Central Kitchen នៅហ្កាហ្សា ដែលបានបង្កឱ្យមានការខឹងសម្បារទូទាំង​ពិភពលោក។ លោក បៃដិន បានផ្តល់ការគាំទ្រយ៉ាងរឹងមាំ ដល់អ៉ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស នាថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើអ៉ីស្រាអែល ហើយទន្ទឹមគ្នាបានបង្ហាញក្តីបារម្ភ ជុំវិញចំនួនមនុស្សស្លាប់ ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល។ រហូត​ទាល់តែអំឡុងកិច្ចសន្ទនា តាមទូរស័ព្ទដ៏តានតឹងជាមួយលោក Netanyahu កាលពីសប្តាហ៍មុន ទើបទីបំផុតលោក បៃដិន បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងបង្ខំចិត្តផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ប្រសិនបើអ៉ីស្រាអែលមិនកែប្រែអាកប្បកិរិយា ក្នុងសង្រ្គាមនៅហ្កាហ្សាទេនោះ៕