(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានប្រាប់សម័យប្រជុំព្រឹទ្ធសភា កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការស្លាប់ គ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា ទំនងជាអាចបង្កើនរលកនៃអំពើហិង្សា និងជម្លោះយូអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤។

នៅពេលត្រូវបានសមាជិកព្រឹទ្ធសភាសាកសួរ អំពីផលប៉ះពាល់ដែលអាចកើតចេញពីគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនោះ លោក Austin និយាយថា វានឹងបង្កើតនូវអំពើហិង្សា ហើយជះឥទ្ធិពលដោយការបង្កើតជាជម្លោះយូអង្វែង។ លោក Austin បានប្រាប់គណៈកម្មាធិការយោធានៃព្រឹទ្ធសភា យ៉ាងដូច្នេះថា «វាមិនត្រូវឱ្យកើតមានឡើងទេ យើងគួរតែបន្តធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ហើយយើងធ្វើនេះដើម្បីជំរុញឱ្យអ៉ីស្រាអែលផ្តល់ជំនួយមនុស្សធម៌»។ លោក Austin បានបន្ថែមថា «ការបរាជ័យរបស់អ៉ីស្រាអែល ក្នុងការចែកឱ្យដាច់រវាងប្រជាជនស៉ីវិលប៉ាឡេស្ទីន និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន «ត្រឹមតែអាចនាំឱ្យមានអំពើភេវកម្មកាន់តែច្រើន»។ យ៉ាងនេះក្តី ប្រមុខការពារជាតិអាមេរិករូបនេះ បានច្រានចោលនូវការចោទប្រកាន់ថាអ៉ីស្រាអែល ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ៦ខែនៃការវាយប្រហារតាមផ្លូវអាកាស និងជើងគោករបស់អ៉ីស្រាអែល ដើម្បីសងសឹកក្រុមហាម៉ាសនៅហ្គាហ្សា បណ្តាលឱ្យតំបន់ដែលត្រូវបំផ្លិចបំផ្លាញប្រឈមហានិភ័យនៃគ្រោះទុរ្ភិក្ស និងជំងឺរាលដាល ហើយអ្នកនៅរស់រានមានជីវិតស្ទើរតែទាំងអស់ ឥឡូវនេះគ្មានផ្ទះសម្បែងស្នាក់នៅ៕